យ៉ូហាន 8

8
2ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ 3រួច​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា 4លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយ‌ស្មន់​នឹង​គ្នា 5រីឯ​ក្នុង​ក្រិត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច 6គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះ‌អង្គុលី​វិញ 7តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​បន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ 8រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត 9កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ​បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះ‌យេស៊ូវ នឹង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ 10ព្រះ‌យេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​បន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី 11នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។
12ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ 13នោះ​ពួក​ផារិស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ 14ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្ដី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ 15អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ 16តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង 17ហើយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្ដី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ 18ដូច្នេះ មាន​ខ្ញុំ​នេះ​១ ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះវរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ 19នោះ​គេ​ទូល​សួរ​ថា តើ​ព្រះវរ‌បិតា​អ្នក​នៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះវរ‌បិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះវរ‌បិតា​ខ្ញុំ​ដែរ 20ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។
21ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​វិញ 22ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ 23ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ​មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ​នេះ​ទេ 24ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន 25ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង 26ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្ដី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ 27តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ព្រះវរ‌បិតា​ទេ 28ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះវរ‌បិតា​បាន​បង្រៀន​ខ្ញុំ​វិញ 29ព្រះ‌អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ជា​ដរាប 30កំពុង​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។
31នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន 32អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច 33គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ 34ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ 35រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ 36ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត 37ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ​គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ 38ឯ​ខ្ញុំៗ​និយាយ​តែ​សេចក្ដី​ណា ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ ដែល​បាន​ឃើញ​នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ 39គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ 40តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្ដី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ 41អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ 42ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ 43ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ 44អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង 45ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ 46តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ 47អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។
48នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី 49ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ 50ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំ‌ជំរះ​ផង 51ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ 52ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ 53តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី 54ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក 55តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង 56លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក‌អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្ដី​រីក‌រាយ 57ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ 58ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ 59ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល