យ៉ូប 13:1-16

យ៉ូប 13:1-16 ពគប

មើល គ្រប់​ទាំង​អស់​នេះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ហើយ ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង នោះ​ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ តែ​ខ្ញុំ​ចង់​ទូល​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ‌ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់ ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សំដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ​អី តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ទ្រង់​ឬ អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ តើ​តេជា‌នុភាព​របស់​ទ្រង់​មិន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះសា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។ សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ដៃ​ដូច្នេះ​ធ្វើ​អី ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន

អាន យ៉ូប 13