យ៉ូប 29

29
1យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ​របស់​លោក​ត​ទៅ​ទៀត​ថា 2ឱ​បើ​សិន​ជា​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ‌ទ្រង់​ការ‌ពារ​រក្សា​ខ្ញុំ​ទៅ​អេះ 3គឺ​កាល​ចង្កៀង​នៃ​ទ្រង់​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ទ្រង់ 4គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្រ‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ 5ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​គង់​ជា​មួយ​នឹង​ខ្ញុំ​នៅ​ឡើយ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំវិញ 6ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ 7គ្រា​នោះខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀបចំ​ទី​អង្គុយ​នៅ​ទី‌ធ្លា 8ពួក​កំឡោះៗ​បាន​ឃើញ​ខ្ញុំ ហើយ​ក៏​រំលៀក​ចេញ ពួក​ចាស់ៗ​បាន​ក្រោក​ឈរ​ឡើង 9ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់ 10សំឡេង​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​ពោល​ដោយ​ខ្សឹប​គ្នា អណ្តាត​គេ​បាន​ជាប់​នៅ​នឹង​ក្រអូម‌មាត់​ផង 11ដ្បិត​កាល​ត្រចៀក​បាន​ឮ​ខ្ញុំ នោះ​ក៏​ឲ្យ​ពរ​ដល់​ខ្ញុំ ហើយ​កាល​ភ្នែក​បាន​ឃើញ​ខ្ញុំ នោះ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ 12ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង 13ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ ក៏​ផ្តល់​មក​ខ្ញុំ ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ចិត្ត​ស្រី​មេម៉ាយ​ច្រៀង​ដោយ​អំណរ 14ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្ដី​សុចរិត ហើយ​សេចក្ដី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ សេចក្ដី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ នឹង​មកុដ​ដល់​ខ្ញុំ 15ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់ ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន 16ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កំសត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង 17ខ្ញុំ​បាន​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ព្រម​ទាំង​កន្ត្រាក់​យក​រំពា​ពី​ធ្មេញ​របស់​គេ​ចេញ 18នោះ​ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ស្លាប់​ក្នុង​សំបុក​ខ្ញុំ ហើយ​នឹង​ចំរើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់ 19ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក 20កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចំរើន​កំឡាំង​នៅ​ដៃ​ខ្ញុំ​ជានិច្ច 21មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ 22កាល​ខ្ញុំ​ពោល​ចប់​ហើយ នោះ​គេ​ឥត​ថា​អ្វី​ទៀត ពាក្យ​ខ្ញុំ​បាន​ស្រក់​ជោក​ទៅ​លើ​គេ 23គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ 24កាល​គេ​ឥត​មាន​ទី​សង្ឃឹម នោះ​ខ្ញុំ​បាន​ញញឹម​ដល់​គេ ហើយ​គេ​មិន​បាន​ធ្វើ​ឲ្យ​ភាព​មុខ​រីក‌រាយ​របស់​ខ្ញុំ​បាត់​ចេញ​ឡើយ 25ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្តាល​គេ​ដូច​ជា​ស្តេច​នៅ​កណ្តាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កំសាន្ត​ចិត្ត​នៃ​ពួក​អ្នក​សោក‌សៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 29: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល