យ៉ូប 33
33
1ដូច្នេះ លោកយ៉ូបអើយ ខ្ញុំសូមឲ្យលោកស្តាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះអស់ទាំងពាក្យរបស់ខ្ញុំចុះ 2មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ 3ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្ដីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង 4ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត 5បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង 6មើល លោកហើយនឹងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីឥដ្ឋមកដែរ 7មើល ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា នឹងនាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកជាធ្ងន់ដែរ។
8ប៉ុន្តែលោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា 9លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនដែរ 10មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់ 11ទ្រង់បានដាក់ជើងលោកភ្ជាប់ដោយខ្នោះ ហើយក៏ចំណាំមើលអស់ទាំងផ្លូវរបស់លោក 12ដូច្នេះ ខ្ញុំនឹងឆ្លើយដល់លោកថា ក្នុងសេចក្ដីនេះលោកមិនសុចរិតទេ ដ្បិតព្រះទ្រង់ធំជាងមនុស្ស 13ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ 14តែព្រះទ្រង់ក៏មានបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្ដីទេ 15គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេកហើយ 16នៅវេលានោះទ្រង់បើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលទ្រង់ប្រដៅគេ 17ដើម្បីនឹងទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត 18ទ្រង់ឃាំងព្រលឹងគេឲ្យរួចពីជង្ហុក ហើយជីវិតគេឲ្យរួចពីការវិនាសដោយដាវ។
19គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ 20ដល់ម៉្លេះបានជាជីវិតគេធុំអាហារ ហើយព្រលឹងគេក៏ខ្ពើមចំណី 21សាច់គេក៏ស្គាំងស្គមទៅ ហើយឆ្អឹងគេដែលពីដើមមើលមិនឃើញ នោះក៏លេចឡើងរគាម 22អើ ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់ ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។
23បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត 24នោះទ្រង់ប្រោសមេត្តាដល់គេ ដោយបន្ទូលថា ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតអញរកបានថ្លៃលោះគេហើយ 25យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ 26គេនឹងអធិស្ឋានដល់ព្រះ ហើយទ្រង់នឹងប្រោសដល់គេ ឲ្យគេបានឃើញព្រះភក្ត្រទ្រង់ដោយសេចក្ដីរីករាយ ហើយទ្រង់នឹងប្រគល់សេចក្ដីសុចរិតដល់គេវិញ 27នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ 28ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។
29មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង 30ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់ 31ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ 32បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ 33បើគ្មានទេ នោះសូមស្តាប់ខ្ញុំចុះ សូមលោកស្ងៀមនៅ ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 33: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.