យ៉ូប 39

39
1តើ​ឯង​ដឹង​ជា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សំរាល​កូន ឬ​នឹង​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទំលាក់​កូន​ឬ​ទេ 2តើ​ឯង​នឹង​កំណត់​ដឹង​ជា​វា​ត្រូវ​មាន​ទំងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ 3វា​ចំកោង​ខ្លួន​សំរាល​កូន​មក រួច​ផុត​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​វា 4កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។
5តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​លា​ផ្លាង 6ដែល​អញ​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា 7វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សំរែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ 8ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។
9តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ 10ឯង​អាច​នឹង​ចង​គោ​ព្រៃ​ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ 11តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កំឡាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ 12តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។
13ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ 14វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់ 15ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​បង់ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី​ទៅ​ទេ 16វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង 17ពី​ព្រោះ​ព្រះ‌ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ 18វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ នឹង​អ្នក​ជិះ​ផង។
19តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កំឡាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង ឲ្យ​សេះ​មាន​សក់​ដែល​រលាស់ ដោយ​ខ្យល់ 20តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច 21វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កំឡាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ 22វា​មើល‌ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ 23បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ នឹង​ដែក​ពួយ​ផង 24វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ 25វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា ហេះ‌ហេ វា​ស្រង​ក្លិន​ចំបាំង​ពី​ចំងាយ ក៏​ស្គាល់​សំរែក​នៃ​ពួក​មេ‌ទ័ព នឹង​សូរ​ទ្រហឹង​អឺង‌អាប់។
26តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ 27តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី 28វា​នៅ​លើ​ទី​ចំហុង​ភ្នំ ក៏​ធ្វើ​សំបុក​នៅ​ទី​នោះ គឺ​នៅ​ទី​បំផុត​នៃ​ញក​ភ្នំ​ជា​ទី​មាំ‌មួន 29ពី​ទី​នោះ​វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ 30កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សំឡាប់​គ្នា នោះ​វា​ក៏​មាន​នៅ​ទី​នោះ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 39: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូប 39

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ