យ៉ូប 42
42
1លំដាប់នោះយ៉ូបក៏ទូលឆ្លើយដល់ព្រះយេហូវ៉ាថា 2ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន 3តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ 4ទ្រង់មានបន្ទូលថា ចូរស្តាប់ចុះ អញនឹងនិយាយសិន អញនឹងសួរឯង ចូរឯងឆ្លើយប្រាប់អញ 5កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ 6បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ។
7ក្រោយដែលព្រះយេហូវ៉ាបានមានបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្ដីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ 8ដូច្នេះ ចូរឯងរាល់គ្នាយកគោឈ្មោល៧ នឹងពពែឈ្មោល៧នាំទៅឯយ៉ូប ជាអ្នកបំរើអញឥឡូវ រួចថ្វាយដង្វាយដុតសំរាប់ខ្លួនទៅ នោះយ៉ូប ជាអ្នកបំរើអញនឹងអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលវា ក្រែងអញប្រព្រឹត្តនឹងឯងរាល់គ្នាតាមអំពើចំកួតរបស់ឯង ពីព្រោះឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ 9ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា នឹងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។
10កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង 11គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក នឹងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ នឹងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។
12ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត លោកក៏មានចៀម១ម៉ឺន៤ពាន់ អូដ្ឋ៦ពាន់ គោ១ពាន់នឹម នឹងលាញី១ពាន់ 13លោកក៏បង្កើតបានកូនប្រុស៧ កូនស្រី៣ទៀត 14កូនស្រីទី១ លោកឲ្យឈ្មោះយេមីម៉ា ទី២ឈ្មោះកេស៊ីយ៉ា ហើយទី៣ឈ្មោះកេរេន-ហាពូក 15រីឯនៅគ្រប់ក្នុងស្រុកនោះ គ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសី ដូចជាកូនស្រីរបស់យ៉ូបនោះទេ ហើយឪពុកក៏បែងចែកមរដកដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ 16ក្រោយពីនោះមក យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់៤ដំណ 17នោះយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។:៚
ទើបបានជ្រើសរើសហើយ៖
យ៉ូប 42: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.