យ៉ូប 7
7
1តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី 2បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល 3គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់ 4កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង 5សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ នឹងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម 6អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
7ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្ដីល្អទៀត 8ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ 9អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀត 10អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង 11ហេតុនោះទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយសេចក្ដីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយសេចក្ដីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ 12តើខ្ញុំជាសមុទ្រ ឬជាសត្វសំបើមនៅក្នុងសមុទ្រឬអី បានជាទ្រង់តាំងយាមឲ្យមើលទូលបង្គំ 13កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកំសាន្តសេចក្ដីតប់ប្រមល់ទៅ 14នោះទ្រង់បណ្តាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិវិញ ហើយបំភ័យទូលបង្គំ ដោយការជាក់ស្តែងផង 15បានជាចិត្តនៃទូលបង្គំស៊ូស្លាប់ដោយច្របាច់ក ហើយក៏រើសយកសេចក្ដីស្លាប់ជាជាងឆ្អឹងទាំងនេះ 16ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំនឹងមិនរស់ជាដរាបទេ ដូច្នេះ សូមទុកឲ្យទូលបង្គំចុះ ដ្បិតអស់ទាំងថ្ងៃអាយុរបស់ទូលបង្គំ ជាអសារឥតការទទេ 17តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ 18ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ 19តើដល់កាលណាទើបទ្រង់បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង 20ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង 21ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្ដីរំលងរបស់ទូលបង្គំ ហើយដោះសេចក្ដីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.