យ៉ូអែល 2:18-32

យ៉ូអែល 2:18-32 ពគប

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ចំពោះ​ស្រុក​របស់​ទ្រង់ ក៏​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​នឹង​រាស្ត្រ​ទ្រង់​ថា នែ អញ​នឹង​ផ្ញើ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ប្រេង​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​ទៀត​ឡើយ គឺ​អញ​នឹង​កំចាត់​ពល​ទ័ព​ពី​ទិស​ខាង​ជើង​ឲ្យ​ឆ្ងាយ​ចេញ​ពី​ឯង​ទៅ ហើយ​បណ្តេញ​គេ​ទៅ​ឯ​ស្រុក​១​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប មាន​ក្បាល​ទ័ព​បែរ​ទៅ​ឯ​សមុទ្រ​ខាង​កើត ហើយ​កន្ទុយ​ទ័ព​នៅ​ឯ​សមុទ្រ​ខាង​លិច ហើយ​ក្លិន​ស្អុយ​របស់​គេ នឹង​សាយ​ឡើង ព្រម​ទាំង​ក្លិន​គំរង់​ផង ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​យ៉ាង​សំបើម។ ឱ​ស្រុក​អើយ កុំ​ឲ្យ​ភ័យ​ឡើយ ចូរ​មាន​សេចក្ដី​ត្រេក‌អរ ហើយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សំបើម​ដែរ ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា នឹង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា ដូច្នេះ​ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម‌ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សំរាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម នឹង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ នឹង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទៀត​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​ស្ថិត​នៅ​កណ្តាល​សាសន៍​អ៊ីស្រាអែល ហើយ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ឥត​មាន​ព្រះ​ណា​ដទៃ​ទៀត យ៉ាង​នោះ រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទៀត​ឡើយ។ ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម នឹង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់ នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ទុក ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។

អាន យ៉ូអែល 2