យ៉ូណាស 2
2
1ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់ 2ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ពីក្នុងពោះត្រី 3លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ 4ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន នឹងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ 5នោះទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទូលបង្គំនឹងមើលទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ទៀត 6ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ 7ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់ 8កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់ 9ពួកអ្នកដែលមើលទៅឯរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួនចេញ 10តែទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ទ្រង់ ដោយសំឡេងនៃពាក្យអរដល់ព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ។
11លំដាប់នោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក។
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.