យ៉ូស្វេ 24

24
1យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ 2រួច​យ៉ូស្វេ​លោក​រំឭក​ដល់​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​ឰយុកោ​ឯង​រាល់​គ្នា ពី​ដើម​បាន​នៅ​ខាង​នាយ​ទន្លេ គឺ​ថេរ៉ា ជា​ឪពុក​អ័ប្រា‌ហាំ នឹង​ណាឃរ គេ​ក៏​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ដែរ 3តែ​អញ​បាន​យក​អ័ប្រា‌ហាំ ជា​ពួក​ឰយុកោ​ឯង ពី​ខាង​នាយ​ទន្លេ​មក នាំ​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន អញ​ក៏​ចំរើន​ពូជ​ឲ្យ ព្រម​ទាំង​ឲ្យ​បង្កើត​អ៊ីសាក​ផង 4រួច​អញ​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប នឹង​អេសាវ ឯ​អេសាវ​នោះ អញ​បាន​ឲ្យ​ចាប់​យក​ស្រុក​ភ្នំ​សៀរ តែ​យ៉ាកុប នឹង​កូន​ចៅ នោះ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ 5អញ​ក៏​ចាត់​ម៉ូសេ នឹង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ រួច​ឲ្យ​ស្រុក​នោះ​កើត​មាន​សេចក្ដី​វេទនា គឺ​ជា​ការ​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​នោះ​ហើយ ក្រោយ​នោះ អញ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​មក 6អញ​បាន​នាំ​ពួក​ឪពុក​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចំបាំង នឹង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម 7កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ 8រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង 9គ្រា​នោះ បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង 10តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ 11រួច​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ នោះ​ពួក​មនុស្ស​នៅ​ក្នុង​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​ឯង មាន​ទាំង​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ច្បាំង​នឹង​ឯង​ដែរ តែ​អញ​បាន​ប្រគល់​គេ​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ 12អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ 13អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។
14ដូច្នេះ ឥឡូវ​នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ 15តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។
16ពួក​បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​គំនិត ដែល​នឹង​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ 17ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង 18ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។
19យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ 20បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង 21តែ​ពួក​ជន​គេ​ឆ្លើយ​ថា ទេ យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ 22រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន 23លោក​តប​ថា ដូច្នេះ ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ 24នោះ​បណ្តាជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង 25ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ នឹង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម 26យ៉ូស្វេ​ក៏​កត់​អស់​ទាំង​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ផង​ព្រះ រួច​យក​ថ្ម​យ៉ាង​ធំ​មក​បញ្ឈរ​នៅ​ទី​នោះ ត្រង់​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា 27ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ 28នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តាជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។
29ក្រោយ​ការ​ទាំង​នោះ​មក យ៉ូស្វេ​ជា​កូន​នុន ដែល​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​១១០​ឆ្នាំ 30គេ​ក៏​បញ្ចុះ​សព​លោក នៅ​ចុង​ព្រំ​ដី ជា​មរដក​របស់​លោក ត្រង់​ធីម៉្នាត-សេរ៉ា ដែល​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ខាង​ជើង​ភ្នំ​កាអាស​ទៅ 31ឯ​សាសន៍​អ៊ីស្រាអែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​របស់​យ៉ូស្វេ នឹង​ជីវិត​របស់​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​សំរាប់​ពួក​អ៊ីស្រាអែល។
32ឯ​ឆ្អឹង​សព​របស់​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​ក៏​កប់​នៅ​ត្រង់​ស៊ីគែម ក្នុង​ដី​ដែល​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង ហើយ​ដី​នោះ​ក៏​នៅ​ជា​មរដក​របស់​ពួក​កូន​ចៅ​យ៉ូសែប 33ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស​ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 24: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល