លូកា 14

14
1មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារិស៊ី ពួក​នោះ​ក៏​រិះ‌គន់​មើល​ទ្រង់ 2គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់ 3ទ្រង់​មាន​បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ នឹង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ 4តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ 5ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី 6តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។
7កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា 8បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ចួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក 9ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក នឹង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង 10ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល‌ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា 11ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។
12ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក ដែល​បាន​អញ្ជើញ​ទ្រង់​ថា កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់‌ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ 13បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច នឹង​អ្នក​ខ្វាក់​វិញ 14យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ។
15កាល​ម្នាក់ ដែល​អង្គុយ​នៅ​តុ​ជា​មួយ បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ទូល​ទ្រង់​ថា មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ 16តែ​ទ្រង់​មាន​បន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់‌លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន 17ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ 18តែ​គេ​ចាប់​តាំង​ដោះ‌សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស 19ម្នាក់​ទៀត​ថា ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល សូម​ឲ្យ​លោក​អត់​ទោស 20ម្នាក់​ទៀត​ក៏​ថា ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន 21បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ​លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ នឹង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់ 22បាវ​នោះ​ក៏​ជំរាប​ថា លោក ការ​ដែល​លោក​បង្គាប់​នោះ បាន​ធ្វើ​ហើយ តែ​នៅ​តែ​មាន​សល់​កន្លែង​ទៀត 23រួច​ចៅហ្វាយ​ប្រាប់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ 24ដ្បិត​អញ​ប្រាប់​ថា ឯ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​អញ​បាន​អញ្ជើញ​មក​មុន​នោះ អញ​លែង​ឲ្យ​អ្នក​ណា​១​ភ្លក់​ម្ហូប​របស់​អញ​ហើយ។
25មាន​មនុស្ស​សន្ធឹក​ណាស់ ដើរ​ទៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គេ​ថា 26បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី នឹង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ 27ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ 28ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន 29ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ 30ដោយ​ពាក្យ​ថា អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន 31ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន 32បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​សើុប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ 33ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ 34អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន 35គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ គេ​នឹង​ចោល​ទៅ​ក្រៅ​វិញ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

ទើបបានជ្រើសរើសហើយ៖

លូកា 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល