លូកា 15:3-32

លូកា 15:3-32 ពគប

តែ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោ‌ស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ នឹង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។ ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នឹង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។ រួច​ទ្រង់​ក៏​មាន​បន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្ដី​ទ័ល‌ក្រ រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន នឹង​ស្បែក​ជើង​មក​ឲ្យ​ផង រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង​នឹង​របាំ គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់ តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ​ដែល​បំប៉ន​ឲ្យ​វា​ភ្លាម ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់‌បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ។

អាន លូកា 15

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 15:3-32