លូកា 20

20
1មាន​កាល​១​ថ្ងៃ​នោះ កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បង្រៀន​ដល់​ពួក​ជន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ ក៏​មក​ដល់ 2គេ​ទូល​ទ្រង់​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក 3តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន 4ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស 5គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​វិញ​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ 6តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​បណ្តាជន​នឹង​ចោល​យើង​នឹង​ថ្ម ពី​ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន 7រួច​គេ​ទូល​ឆ្លើយ​ថា មិន​ដឹង​ជា​មក​ពី​ណា​ទេ 8ទ្រង់​ក៏​មាន​បន្ទូល​សប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។
9ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​បណ្តាជន ជា​ពាក្យ​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ក៏​ចេញ​ពី​ស្រុក​នោះ​ទៅ​ជា​យូរ 10លុះ​ដល់​រដូវ​ហើយ គាត់​ក៏​ចាត់​បាវ​ទៅ​ឯ​ពួក​ធ្វើ​ចំការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង‌បាយ‌ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ គេ​វាយ​បណ្តេញ​បាវ​នោះ​ឲ្យ​មក​វិញ​ទទេ 11គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ 12គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ 13នោះ​ថៅកែ​ចំការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោត‌ខ្លាច​ដល់​វា 14តែ​កាល​ពួក​ធ្វើ​ចំការ​បាន​ឃើញ នោះ​គេ​រិះ‌គិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ 15គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច 16គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ 17តែ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ឯ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ថ្ម​ដែល​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» តើ​មាន​ន័យ​ដូច​ម្តេច 18អស់​អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ 19នៅ​វេលា​នោះ​ឯង ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​ក៏​រក​ចាប់​ទ្រង់ ដ្បិត​គេ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ តែ​គេ​នឹក​ខ្លាច​បណ្តាជន។
20គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម‌ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង នឹង​អំណាច​នៃ​ចៅហ្វាយ​ខេត្ត 21អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម‌ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត 22ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ 23តែ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ 24ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល តើ​មាន​រូប នឹង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ 25នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ 26ខណ​នោះ គេ​ចាប់​ព្រះ‌បន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំង‌ឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចំឡើយ​របស់​ទ្រង់។
27នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា 28លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង 29ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ 30ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ 31អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់ 32ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ 33ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា 34នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ 35តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ 36ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ 37រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប 38ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់ 39នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ 40រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។
41ទ្រង់​ក៏​មាន​បន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ 42ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​បន្ទូល​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ 43ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» 44ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។
45កាល​បណ្តាជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា 46ចូរ​ប្រុង​ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ នឹង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង 47តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ‌សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

ទើបបានជ្រើសរើសហើយ៖

លូកា 20: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល