លូកា 21

21
1នោះ​ទ្រង់​ក្រឡេក​ព្រះ‌នេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង 2ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់ 3រួច​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័ល‌ក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ 4ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។
5កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះ‌វិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់‌តែង​ដោយ​ដង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​បន្ទូល​ថា 6ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ 7នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់ 8ទ្រង់​មាន​បន្ទូល​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ 9កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង នឹង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។
10ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១ 11ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង នឹង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ នឹង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង 12តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច នឹង​ចៅហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង 13ប៉ុន្តែ​ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ 14ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ‌សា​ទេ 15ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​នឹង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ 16ប៉ុន្តែ​ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ 17មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ 18តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង 19អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន។
20ប៉ុន្តែ​កាល​ណា​ឃើញ​ពល​ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន‌វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ 21គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ 22ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក 23ឯ​ពួក​ស្រីៗ​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​នឹង​សេចក្ដី​ក្រោធ​ដល់​បណ្តាជន​នេះ 24គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។
25កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ នឹង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ នឹង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ នឹង​រលក 26មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក 27នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង 28កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។
29រួច​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​គេ​ថា ចូរ​មើល​ដើម​ល្វា នឹង​អស់​ទាំង​ដើម​ឈើ​ចុះ 30កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ 31កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ 32ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក 33ឯ​ផ្ទៃ​មេឃ នឹង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ 34ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម 35ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី 36ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង។
37នៅ​ពេល​ថ្ងៃ ទ្រង់​តែង​បង្រៀន​ក្នុង​ព្រះ‌វិហារ លុះ​ដល់​ពេល​យប់ ទ្រង់​តែង‌តែ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ 38ព្រលឹមៗ​ឡើង បណ្តាជន​ក៏​មក​ស្តាប់​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

លូកា 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល