ម៉ាឡា‌គី 2:1-6

ម៉ាឡា‌គី 2:1-6 ពគប

ហើយ​ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​ដល់​ឯង​រាល់​គ្នា ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​អញ​ទេ នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ចាត់​សេចក្ដី​បណ្តាសា ឲ្យ​មក​លើ​ឯង​រាល់​គ្នា អញ​នឹង​ដាក់​បណ្តាសា​ដល់​ពរ​របស់​ឯង អើ អញ​បាន​ដាក់​បណ្តាសា​ហើយ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ មើល អញ​នឹង​បំផ្លាញ​ពូជ​ពង្រោះ​របស់​ឯង​ទៅ អញ​នឹង​ជះ​លាមក​ទៅ​លើ​មុខ​ឯង​រាល់​គ្នា គឺ​ជា​លាមក​ពី​ដង្វាយ​យញ្ញ‌បូជា​របស់​ឯង ហើយ​គេ​នឹង​ដឹក​ឯង​ចេញ​ទៅ​ជា​មួយ​ផង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​បាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ នោះ​គឺ​ជា​ជីវិត ហើយ​ជា​សេចក្ដី​សុខ អញ​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច គេ​ក៏​បាន​កោត​ខ្លាច​ដល់​អញ ព្រម​ទាំង​មាន​សេចក្ដី​ភ័យ‌ញ័រ នៅ​ចំពោះ​ឈ្មោះ​អញ គេ​មាន​ច្បាប់​ដ៏​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា​មួយ​នឹង​អញ​ដោយ​សេចក្ដី​សុខ នឹង​សេចក្ដី​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន ចេញ​ពី​សេចក្ដី​ទុច្ចរិត

អាន ម៉ាឡា‌គី 2