ម៉ាឡាគី 3
3
1មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 2តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក 3ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត 4គ្រានោះ ដង្វាយរបស់ពួកយូដា នឹងក្រុងយេរូសាឡិមនឹងជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ 5ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 6ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ ឯងរាល់គ្នាមិនបានត្រូវវិនាសទេ។
7ឯងរាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច 8ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង 9ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ 10ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 11ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នោះអញនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទំពាំងបាយជូរនៅចំការរបស់ឯង ក៏មិនជំរុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 12យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
13ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់ 14គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី 15ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។
16គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់ 17ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត 18គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង។
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.