ម៉ាថាយ 10

10
1កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស‌អសោចិ៍ ហើយ​នឹង​មើល​គ្រប់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង 2រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​គាត់​១ 3ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១ 4ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។
5ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ​ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ 6ចូរ​ទៅ​ឯ​ចៀម​បាត់‌បង់​របស់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ 7ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ 8ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ 9កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ 10ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន 11នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ 12កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ​ដែរ 13បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ 14បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ 15ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។
16នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប 17ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ 18អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ 19ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្ដី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង 20ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះវរ‌បិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​បន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ 21បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង 22មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ 23កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។
24សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ 25បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ 26ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ 27ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ 28កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង 29តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ 30សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ 31យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន 32ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ 33តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។
34កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ 35ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក 36ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង 37អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ 38អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ 39អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។
40អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ 41អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ 42អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល