ម៉ាថាយ 17

17
1កន្លង​មក​៦​ថ្ងៃ ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក 2រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ 3នោះ​ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់ 4ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា 5កាល​គាត់​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្តាប់​តាម​ចុះ 6កាល​បាន​ឮ​ហើយ នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង 7តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​បន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ 8កាល​គេ​បាន​ងើប​ឡើង នោះ​មិន​បាន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​តែ​ប៉ុណ្ណោះ។
9កំពុង​ដែល​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​គេ​ថា កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ 10ពួក​សិស្ស​ទូល​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន 11ទ្រង់​ឆ្លើយ​តប​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ 12ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលីយ៉ា​បាន​មក​ហើយ គេ​មិន​បាន​ស្គាល់​លោក​ទេ ហើយ​គេ​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​ចិត្ត​ផង បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​ធ្វើ​ទុក្ខ​ដូច្នោះ​ដែរ 13នោះ​ពួក​សិស្ស​ក៏​យល់​ថា ទ្រង់​មាន​បន្ទូល​ពី​យ៉ូហាន-បាទីស្ទ​ទេ។
14កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា 15ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូលបង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង នឹង​ក្នុង​ទឹក​ជា​ញយៗ 16ទូលបង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ 17ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ 18នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។
19នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ដោយ‌ឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នោះ​មិន​បាន 20ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​នៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ 21តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​អត់​ប៉ុណ្ណោះ។
22កាល​គង់​នៅ​ស្រុក​កាលី‌ឡេ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស 23គេ​នឹង​សំឡាប់​លោក ហើយ​៣​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ នោះ​ពួក​សិស្ស​កើត​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង។
24កាល​បាន​មក​ដល់​ក្រុង​កាពើ‌ណិម​ហើយ នោះ​ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះ‌វិហារ គេ​មក​សួរ​ពេត្រុស​ថា តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ​អី 25គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធ‌ដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ 26ពេត្រុស​ទូល​ឆ្លើយ​ថា ពី​មនុស្ស​ដទៃ​ទេ ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ 27ប៉ុន្តែ ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់‌អន់​ចិត្ត​ដល់​គេ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 17: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល