ម៉ាថាយ 4

4
1គ្រា​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ ទៅ​ឯ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង 2កាល​ទ្រង់​បាន​តម​៤០​ថ្ងៃ​៤០​យប់​ហើយ ក្រោយ​មក​ទ្រង់​ឃ្លាន 3រួច​មេ​ល្បួង​ក៏​មក​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ 4តែ​ទ្រង់​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ​មក​ដែរ»។
5នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា 6បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់​ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» 7ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។
8មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត 9រួច​ទូល​ថា បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក 10នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឯង​ត្រូវ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ» 11ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។
12កាល​ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ 13រួច​ទ្រង់​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើ‌ណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ខេត្ត​សាប់‌យូល៉ូន នឹង​ណែប‌ថាលី 14ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា 15«ស្រុក​សាប់‌យូល៉ូន នឹង​ណែប‌ថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលី‌ឡេ​របស់​សាសន៍​ដទៃ 16ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់» 17តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ។
18កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ 19រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ 20គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម 21លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ នឹង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួស‌ជុល​សំណាញ់ ហើយ​ទ្រង់​មាន​បន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក 22គេ​ក៏​លះ‌បង់​ទូក នឹង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។
23ព្រះ‌យេស៊ូវ ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង 24ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា 25មាន​មនុស្ស​កក‌កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល