មីកា 2
2
1វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង នោះគេធ្វើការនោះទៅ ពីព្រោះគេមានកំឡាំងដៃនឹងធ្វើបាន 2គេលោភចង់បានស្រែចំការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្សនឹងផ្ទះរបស់គេ គឺជាមនុស្សនឹងមរដករបស់គេដែរ 3ហេតុនោះ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល អញក៏គិតគូរបង្កើតការអាក្រក់ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែលដកកចេញបានឡើយ ឯងរាល់គ្នាក៏នឹងមិនដើរ ដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់ 4នៅថ្ងៃនោះ គេនឹងចាប់តាំងប្រើពាក្យប្រៀបធៀបចាក់ដោតឯង ហើយនឹងទួញទំនួញយ៉ាងអាក់អួលដោយពាក្យថា យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះទ្រង់បានផ្លាស់មរដករបស់សាសន៍ខ្ញុំ អើ ទ្រង់បានដករើចេញពីខ្ញុំយ៉ាងណាហ្ន៎ ទ្រង់បានចែកស្រែចំការរបស់យើង ឲ្យដល់ពួកអ្នកបះបោរវិញ 5ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
6គេថា កុំឲ្យទាយឲ្យសោះ អើ ពួកហោរានឹងលែងទាយដល់ពួកយ៉ាងនេះហើយ តែសេចក្ដីដំនៀលនឹងមិនផុតឡើយ 7ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើទ្រង់ត្រូវទញ់ទាល់ឬ តើទ្រង់ឬអី ដែលធ្វើការទាំងនោះ តើពាក្យអញមិនធ្វើល្អ ដល់អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ទេឬអី 8ពីមុនមក រាស្ត្រអញបានលើកគ្នា ដូចជាខ្មាំងសត្រូវវិញ ឯពួកអ្នកដែលដើរតាមផ្លូវ ដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចំបាំងវិញ 9ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងរាស្ត្រអញ ចេញពីផ្ទះដ៏គាប់ចិត្តរបស់គេ ហើយដកសិរីល្អរបស់អញ ចេញពីពួកកូនតូចៗរបស់គេនៅជានិច្ចដែរ 10ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាទីឲ្យឯងរាល់គ្នាបានសំរាកនៅទេ ដោយព្រោះសេចក្ដីស្មោកគ្រោកដែលបំផ្លាញ ដោយការបំផ្លាញយ៉ាងអាក្រក់ 11បើមានមនុស្សណាដែលប្រព្រឹត្តដោយនិស្ស័យកំភូត មកកុហកថា ខ្ញុំនឹងទាយប្រាប់អ្នកពីស្រាទំពាំងបាយជូរ ហើយពីគ្រឿងស្រវឹង គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
12ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្តាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំង ដោយមានគ្នាច្រើន 13ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
ទើបបានជ្រើសរើសហើយ៖
មីកា 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.