ម៉ាកុស 16

16
1កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់ 2ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ 3ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង 4តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់) 5លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្ដី​ភាំង​ស្លុត 6តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់ 7ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក 8នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ​ដោយ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។
9រីឯ​កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ 10នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក 11តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ 12ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ 13អ្នក​ទាំង​២​នោះ​ក៏​ទៅ​ប្រាប់​ដល់​ពួក​គេ​ឯ​ទៀត តែ​គេ​នៅ​តែ​មិន​ជឿ​ទៀត 14ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​ឲ្យ​ពួក​១១​នាក់​បាន​ឃើញ ក្នុង​កាល​ដែល​កំពុង​អង្គុយ​នៅ​តុ ហើយ​ទ្រង់​បន្ទោស​គេ ដោយ​ព្រោះ​មាន​ចិត្ត​រឹង‌រូស ហើយ​មិន​ជឿ ពី​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ពួក​អ្នក​ដែល​ឃើញ​ទ្រង់ ក្រោយ​ដែល​ទ្រង់​រស់​ឡើង​វិញ​នោះ​ទេ 15ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ 16អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ 17ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​នឹង​ចេះ​និយាយ​ភាសា​ថ្មី 18នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។
19ដូច្នេះ ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​មាន​បន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះវរ‌បិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថាន‌សួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ 20ឯ​ពួក​សិស្ស គេ​ចេញ​ទៅ​ប្រកាស​ប្រាប់​នៅ​សព្វ​គ្រប់​អន្លើ ដោយ​មាន​ព្រះ‌អម្ចាស់​ធ្វើ​ការ​ជា​មួយ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សំគាល់​ដែល​កើត​មក​តាម​ក្រោយ​ផង។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 16: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល