ជន‌គណនា 26

26
1កាល​ក្រោយ​សេចក្ដី​វេទនា​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ថា 2ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន 3នោះ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ប្រាប់​គេ​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ​ថា 4ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។
5ឯ​រូបេន​គាត់​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល ហើយ​ពួក​កូន​ចៅ​រូបេន គឺ​ហេណុក​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេណុក ប៉ាលូវ​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ប៉ាលូវ 6ហេស្រុន​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេស្រុន កើមី​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​កើមី 7នោះ​ជា​ពួក​នៃ​រូបេន ឯ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៣​ពាន់​៧៣០​នាក់ 8ឯ​កូន​របស់​ប៉ាលូវ គឺ​អេលាប 9ហើយ​កូន​របស់​អេលាប គឺ​នេមួល​១ ដាថាន​១ អ័ប៊ីរ៉ាម​១ គឺ​ដាថាន នឹង​អ័ប៊ីរ៉ាម​នេះ​ហើយ ដែល​គេ​បាន​ហៅ​មក​ឯ​ពួក​ជំនុំ ជា​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ជា​មួយ​នឹង​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា 10តែ​ដី​បាន​ហា​ឡើង ទទួល​ស្រូប​យក​គេ​ជា​មួយ​នឹង​កូរេ​ទៅ ក្នុង​កាល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ក៏​មាន​ភ្លើង​ឆេះ​មនុស្ស​២៥០​នាក់​ដែរ ពួក​នោះ​ឯង​បាន​ត្រឡប់​ជា​គំរូ​ដល់​បណ្តាជន 11តែ​ឯ​កូន​ចៅ​របស់​កូរេ នោះ​មិន​បាន​ស្លាប់​ទេ។
12ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន 13សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល 14នោះ​ជា​ពួក​គ្រួ​របស់​ស៊ីម្មាន មាន​ចំនួន​២​ម៉ឺន​២​ពាន់​២០០​នាក់។
15ឯ​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ គឺ​សេផុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេផុន ហាក់គី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាក់គី ស៊ូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូនី 16អូសនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អូសនី អេរី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេរី 17អើរ៉ូត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរ៉ូត អើ​រេលី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរេលី 18នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​កាឌ់ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។
19ឯ​ពួក​កូន​ចៅ​យូដា គឺ​អ៊ើរ​១ ហើយ​នឹង​អូណាន់​១ ឯ​អ៊ើរ ហើយ​នឹង​អូណាន់​នេះ គេ​បាន​ស្លាប់​ទៅ​នៅ​ស្រុក​កាណាន 20ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស 21ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល 22នោះ​ជា​ពួក​គ្រួ​របស់​យូដា តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៧​ម៉ឺន​៦​ពាន់​៥០០​នាក់។
23ឯ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ គឺ​ថូឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថូឡា ពូវ៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពូវ៉ា 24យ៉ាសុប​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាសុប ស៊ីមរ៉ុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីមរ៉ុន 25នោះ​ជា​ពួក​គ្រួ​របស់​អ៊ីសាខារ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៣០០​នាក់។
26ឯ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ គឺ​សេរែត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរែត អេឡូន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេឡូន យ៉ាលាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាលាល 27នោះ​ជា​ពួក​គ្រួ​របស់​សាប់‌យូល៉ូន តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​៦​ម៉ឺន​៥០០​នាក់។
28ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ នឹង​អេប្រា‌អិម​១ 29ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​ម៉ាគារ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាគារ ហើយ​ម៉ាគារ​ក៏​បង្កើត​កាឡាត ដែល​ជា​អ្នក​បង្កើត​គ្រួ​កាឡាត 30ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក 31អាសរាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អាសរាល ស៊ីគែម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីគែម 32សេមីដា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេមីដា ហេភើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេភើរ 33ឯ​ស្លូផិហាត ជា​កូន​ហេភើរ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី នេះ​ជា​ឈ្មោះ​កូន​ស្រី​របស់​ស្លូផិហាត គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១ 34នោះ​ជា​ពួក​គ្រួ​របស់​ម៉ាន៉ាសេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​២​ពាន់​៧០០​នាក់។
35ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ គឺ​ស៊ុថេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ុថេឡា បេគើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេគើរ ថាហាន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថាហាន 36ឯ​ពួក​កូន​ចៅ​ស៊ុថេឡា គឺ​ជា​អេរ៉ាន ដែល​បង្កើត​គ្រួ​អេរ៉ាន 37នោះ​ហើយ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេប្រា‌អិម តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​៥០០​នាក់ នោះ​ជា​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ។
38ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម 39ស៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូផាម ហ៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូផាម 40ឯ​កូន​របស់​បេឡា នោះ​គឺ អើឌ​១ នឹង​ណាម៉ាន​១ ឯ​អើឌ ជា​អ្នក​បង្កើត​គ្រួ​អើឌ នឹង​ណាម៉ាន ជា​អ្នក​បង្កើត​គ្រួ​ណាម៉ាន 41នោះ​ជា​ពួក​កូន​ចៅ​របស់​បេន‌យ៉ាមីន តាម​គ្រួ​គេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦០០​នាក់។
42ឯ​ពួក​កូន​ចៅ​ដាន់​តាម​គ្រួ​គេ គឺ​ហ៊ូស៊ីម ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូស៊ីម នោះ​ជា​គ្រួ​របស់​ដាន់​តាម​គ្រួសារ​គេ 43ឯ​ពួក​គ្រួ​ហ៊ូស៊ីម​ទាំង​អស់ តាម​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៤០០​នាក់។
44ឯ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ គឺ​យីមន៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីមន៉ា យីសវី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីសវី បេរា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេរា 45ឯ​កូន​របស់​បេរា នោះ​គឺ​ហេប៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេប៊ើរ ម៉ាលគាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាលគាល 46ឯ​កូន​ស្រី​របស់​អេស៊ើរ នោះ​ឈ្មោះ​សេរ៉ា 47នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេស៊ើរ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។
48ឯ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ គឺ​យ៉ាស៊ាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាស៊ាល គូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គូនី 49យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ស៊ីលិម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីលិម 50នោះ​ជា​ពួក​គ្រួ​របស់​ណែប‌ថាលី​តាម​គ្រួ​គេ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៤០០​នាក់។
51នេះ​ជា​ចំនួន​នៃ​អស់​អ្នក ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល រួម​ទាំង​អស់ មាន​៦​សែន​១​ពាន់​៧៣០​នាក់។
52ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 53ត្រូវ​ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក​ឲ្យ​ដល់​អ្នក​ទាំង​នេះ តាម​ចំនួន​ឈ្មោះ​គេ 54ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក​តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ 55ប៉ុន្តែ​ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក​តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​ឰយុកោ​គេ​រៀង​ខ្លួន 56គឺ​ដោយ​ចាប់​ឆ្នោត​ដែល​ត្រូវ​ចែក​មរដក​ឲ្យ​ដល់​គេ តាម​ដែល​មាន​គ្នា​ច្រើន នឹង​គ្នា​តិច។
57ឯ​ក្នុង​ពួក​លេវី នោះ​បាន​រាប់​អ្នក​ទាំង​នេះ តាម​គ្រួ​គេ គឺ​គើសុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គើសុន កេហាត់​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​កេហាត់ នឹង​ម្រ៉ារី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម្រ៉ារី 58នេះ​ជា​ពួក​គ្រួ​របស់​លេវី គឺ​ជា​គ្រួ​លិបនី​១ គ្រួ​ហេប្រុន​១ គ្រួ​ម៉ាស់លី​១ គ្រួ​មូស៊ី​១ គ្រួ​កូរេ​១ ឯ​កេហាត់​គាត់​បង្កើត​អាំរ៉ាម 59ហើយ​ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត ជា​កូន​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នាង​នោះ នឹង​អាំរ៉ាម​បង្កើត​បាន​អើរ៉ុន​១ ម៉ូសេ​១ នឹង​ម៉ារាម ដែល​ជា​បង​ស្រី​គេ 60ឯ​អើរ៉ុន​លោក​បង្កើត​បាន​ណាដាប​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ នឹង​អ៊ីថាម៉ារ​១ 61ឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ​នេះ គេ​បាន​ស្លាប់​ទៅ​ក្នុង​កាល​ដែល​យក​ភ្លើង​ដទៃ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 62នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។
63នេះ​ហើយ​ជា​អ្នក​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ 64ប៉ុន្តែ ក្នុង​បណ្តា​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​មួយ​ដែល​ម៉ូសេ នឹង​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ទេ 65ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ពី​គេ​ថា វា​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ជា​មិន​ខាន ដូច្នេះ គ្មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​ទាំង​នោះ​នៅ​សល់​ឡើយ មាន​តែ​កាលែប​ជា​កូន​យេភូនេ​១ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 26: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល