សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នោះនឹងត្រូវអត់ឃ្លាន។ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័តនឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។ អ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។ ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។ អ្នកណាដែលមានចិត្តក្រោធជាខ្លាំង នោះនឹងត្រូវរងទោស ដ្បិតបើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត។ ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។ សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះឯង ហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតភរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។ មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។ ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័តឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។ អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស នឹងសេចក្ដីដំនៀល។ កូនអើយ ចូរលែងស្តាប់តាមសេចក្ដីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃដំរិះចេញ។ សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។ សេចក្ដីវិនិច្ឆ័យបានបំរុងជាស្រេច សំរាប់មនុស្សចំអក ហើយការវាយដោយរំពាត់ក៏សំរាប់ខ្នងនៃមនុស្សល្ងីល្ងើ។
អាន សុភាសិត 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 19:15-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ