សុភាសិត 31:10-31

សុភាសិត 31:10-31 ពគប

ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​ដំឡៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ នាង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង នាង​រក​រោម​ចៀមនឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន នាង​ពិចារណា​មើល​ចំការ​១ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នាង​ទំលាប់​ចង្កេះ​ឲ្យ​មាន​កំឡាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កំរៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ នាង​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត អើ នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សំលៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ កាល​ណា​ប្ដី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ចំណោម​នៃ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សំរាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ នាង​មាន​កំឡាំងនឹង​លំអ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា​ដែល​កើត​បាន​នៅ​ខាង​មុខ នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្តាត​នាង​មាន​សេចក្ដី​សប្បុរស នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់។ រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នាដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚

អាន សុភាសិត 31