ទំនុកដំកើង 10
10
1ឱព្រះយេហូវ៉ាអើយ
ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ
ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី
ទុក្ខលំបាកដូច្នេះ
2មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ
ដោយសេចក្ដីឆ្មើងឆ្មៃ
សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ
3ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ
ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា
អើ គេមើលងាយដល់ទ្រង់ផង
4មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេ
ថា ព្រះទ្រង់នឹងមិនធ្វើទោសទេ
ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា
គ្មានព្រះណាសោះ
5អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាប
ឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេ
គេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ
6គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយ
ក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
7មាត់គេពេញដោយពាក្យជេរប្រមាថ
ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង
នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល
នឹងសេចក្ដីទុច្ចរិត
8គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន
នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្ស
ជាមនុស្សដែលឥតមានទោស
ភ្នែកគេរំពៃមើលមនុស្សទុគ៌ត
9គេឈ្លបលបនៅទីសំងាត់ ដូចជាសិង្ហនៅក្នុងរូង
គេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះ
ក្នុងកាលដែលទាញគេមកក្នុងមង
10គេបំព្រួញខ្លួន ហើយឱនចុះ
នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ
ទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ
12ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង
ឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើង
សូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះ
ហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល
នឹងសេចក្ដីរំលោភ
ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់
មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់
ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា
15សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់
ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេ
ទាល់តែមិនឃើញមានទៀត
16ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច
អស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ
17ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង
របស់មនុស្សរាបទាប
ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
18ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រា
នឹងមនុស្សដែលត្រូវគេសង្កត់សង្កិន
ប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមក
បានលែងគំហកកំហែងគេតទៅទៀត។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.