ទំនុកដំកើង 102

102
សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា ក្នុង​កាល​ដែល​មាន​ទុក្ខ​មក​គ្រប​សង្កត់ ហើយ​បង្ហូរ​សេចក្ដី​ទំនួញ​របស់​ខ្លួន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់
សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
សូម​ឲ្យ​ពាក្យ​ដែល​ទូលបង្គំ​អំពាវ‌នាវ​បាន​ឮ​ដល់​ទ្រង់
2សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​នឹង​ទូលបង្គំ ក្នុង​ថ្ងៃ
ដែល​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូលបង្គំ
ក្នុង​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​ទូល
នោះ​សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់
3ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូលបង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង
ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ
ក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស
4ចិត្ត​ទូលបង្គំ​ត្រូវ​កាត់​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ
ដរាប​ដល់​ទូលបង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ផង
5អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ​ជាប់​ជិត​នឹង​សាច់
ដោយ​ព្រោះ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជានិច្ច
6ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ទុង​នៅ​ទី​រហោ‌ស្ថាន
ក៏​បាន​ត្រឡប់​ដូច​ជា​មៀម​នៅ​ទី​សូន្យ​ស្ងាត់
7ទូលបង្គំ​ចាំ​យាម ក៏​ដូច​ជា​ចាប​ឥត​គូ នៅ​លើ​ដំបូល​ផ្ទះ
8ពួក​ខ្មាំង​សត្រូវ​ពោល​ប្រទេច​ចំពោះ​ទូលបង្គំ​ជា​ដរាប
រាល់​ថ្ងៃ
ហើយ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ
គេ​យក​ឈ្មោះ​ទូលបង្គំ​ជា​សេចក្ដី​ផ្តាសា
9ទូលបង្គំ​បាន​ទទួល​ទាន​ផែះ​ទុក​ជា​អាហារ
ហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូលបង្គំ​ដោយ​ទឹក​ភ្នែក
10ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់
នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់
ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ចោល​វិញ
11អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ
ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ
ហើយ​ទូលបង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។
12៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យ
នៅ​អស់‌កល្ប‌ជានិច្ច
ហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់
នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ
13ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណា
ដល់​ក្រុង​ស៊ីយ៉ូន
ដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុង
អើ ពេល​កំណត់​បាន​មក​ដល់​ហើយ
14ពី​ព្រោះ​ពួក​អ្នក​បំរើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្ម
ហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង
15យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាច
ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាច
ដល់​សិរី‌ល្អ​នៃ​ទ្រង់
16ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ហើយ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់
17ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា
ឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ
18សេចក្ដី​នេះ​នឹង​បាន​កត់​ទុក​សំរាប់​ដំណ​មនុស្ស
ជាន់​ក្រោយ
ឲ្យ​បណ្តា​មនុស្ស​ដែល​នឹង​កើត​ឡើង
បាន​សរសើរ​ដំកើង ដល់​ព្រះ‌យេហូវ៉ា
19ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់
គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មក
ពិចារណា​មើល​ផែនដី
20ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ
ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់
21ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាម
នៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន
នឹង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម
22ក្នុង​កាល​ដែល​អស់​ទាំង​សាសន៍​បាន​ប្រជុំ​មូល​គ្នា
ព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន​ផង
ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា។
23៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កំឡាំង​របស់​ទូលបង្គំ​អន់‌ថយ​ទៅ
នៅ​កណ្តាល​ផ្លូវ
ទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ​ហើយ
24ទូលបង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅ
ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ
សូម​កុំ​ដក​ទូលបង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុ
ទូលបង្គំ​ឡើយ
25កាល​ដើម​ដំបូងទ្រង់​បាន​តាំង​ឫស​ផែនដី
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ
26របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិត
តែ​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​វិញ
អើ របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក‌បំពាក់
ហើយ​ទ្រង់​នឹង​ផ្លាស់​ចេញ​ដូច​ជា​ផ្លាស់​អាវ
ដូច្នេះនឹង​បាន​ផ្លាស់​ចេញ​ជា​ពិត
27ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែល
ហើយ​ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ
28ចំណែក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​ទ្រង់
គេ​នឹង​ចេះ​តែ​មាន​នៅ
ហើយ​ពូជ‌ពង្ស​របស់​គេ នឹង​បាន​តាំង​នៅ​ចំពោះ​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 102: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល