ទំនុកដំកើង 102
102
សេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ក្នុងកាលដែលមានទុក្ខមកគ្របសង្កត់ ហើយបង្ហូរសេចក្ដីទំនួញរបស់ខ្លួន នៅចំពោះព្រះយេហូវ៉ា។
1ឱព្រះយេហូវ៉ាអើយ សូមស្តាប់
សេចក្ដីអធិស្ឋានរបស់ទូលបង្គំ
សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់
2សូមកុំលាក់ព្រះភក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃ
ដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយ
សូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំ
ក្នុងថ្ងៃដែលទូលបង្គំស្រែកទូល
នោះសូមឆ្លើយមកទូលបង្គំជាប្រញាប់
3ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង
ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ
ក៏ឆេះក្តៅដូចជាកន្ទុយឧស
4ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ
ដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង
5អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់
ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន
ក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ
8ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាប
រាល់ថ្ងៃ
ហើយពួកអ្នកដែលស្អប់ទូលបង្គំ
គេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
9ទូលបង្គំបានទទួលទានផែះទុកជាអាហារ
ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
10ដោយព្រោះសេចក្ដីថ្នាំងថ្នាក់
នឹងសេចក្ដីក្រោធរបស់ទ្រង់
ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ
11អស់ទាំងថ្ងៃអាយុនៃទូលបង្គំ
ដូចជាស្រមោលដែលជ្រេទៅ
ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ
នៅអស់កល្បជានិច្ច
ហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់
នៅអស់ទាំងដំណមនុស្សតទៅ
13ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា
ដល់ក្រុងស៊ីយ៉ូន
ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង
អើ ពេលកំណត់បានមកដល់ហើយ
14ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម
ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
15យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច
ដល់ព្រះនាមព្រះយេហូវ៉ា
ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច
ដល់សិរីល្អនៃទ្រង់
16ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញ
ហើយនឹងលេចមកក្នុងសិរីល្អនៃទ្រង់
17ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា
ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ
18សេចក្ដីនេះនឹងបានកត់ទុកសំរាប់ដំណមនុស្ស
ជាន់ក្រោយ
ឲ្យបណ្តាមនុស្សដែលនឹងកើតឡើង
បានសរសើរដំកើង ដល់ព្រះយេហូវ៉ា
19ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់
គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក
ពិចារណាមើលផែនដី
20ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ
ហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់
21ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាម
នៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន
នឹងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡិម
22ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នា
ព្រមទាំងនគរទាំងប៉ុន្មានផង
ដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។
23៙ ទ្រង់បានធ្វើឲ្យកំឡាំងរបស់ទូលបង្គំអន់ថយទៅ
នៅកណ្តាលផ្លូវ
ទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ
24ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ
ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ
ដរាបដល់អស់ទាំងដំណមនុស្សតទៅ
សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ
ទូលបង្គំឡើយ
25កាលដើមដំបូងទ្រង់បានតាំងឫសផែនដី
ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ
26របស់ទាំងនោះនឹងវិនាសសូន្យទៅពិត
តែទ្រង់នឹងស្ថិតស្ថេរនៅវិញ
អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់
ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ
ដូច្នេះនឹងបានផ្លាស់ចេញជាពិត
27ប៉ុន្តែ ឯទ្រង់ៗនៅដដែល
ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ
28ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់
គេនឹងចេះតែមាននៅ
ហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 102: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.