ទំនុកដំកើង 104

104
1ឱ​ព្រលឹង​អញ​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​ធំ​ក្រៃ‌លែង
ទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិនឹង​តេជា‌នុភាព
2ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា
គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ
3ទ្រង់​ដាក់​ឫស​ដំណាក់​ទ្រង់​នៅ​ក្នុង​ទឹក
ក៏​យក​ពពក​ធ្វើ​ជា​រថ​របស់​ទ្រង់
ហើយ​ទ្រង់​យាង​លើ​ស្លាប​ខ្យល់
4ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់
ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់
5ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ
មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប
6ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវ
ទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង
7កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ
ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់
8អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើង
ហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅ
គឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ
9ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយ
ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត
10ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំ
ទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ
11ក៏​ឲ្យ​គ្រប់​ទាំង​សត្វ​នៅ​វាល​មាន​ទឹក​ផឹក
ឯ​លា​ព្រៃ​ក៏​ផឹក​ឆ្អែត​ដែរ
12អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុក
តាម​ផ្លូវ​ទឹក​ទាំង​នោះ
ហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ
13ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់
ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់
14ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ
ហើយ​បន្លែ​សំរាប់​មនុស្ស
ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក
15ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ
ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ
នឹង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ
ហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស
16អស់​ទាំង​ដើម​ឈើ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆ្អែត
គឺ​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ទ្រង់​បាន​ដាំ
17ជា​កន្លែង​ដែល​សត្វ​ស្លាប​ធ្វើ​សំបុក​នៅ
ឯ​សត្វ​កុក​វា​បាន​ដើម​កកោះ​ជា​ទី​អាស្រ័យ
18អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សំរាប់​ពពែ​ព្រៃ
ហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម
19ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវ
ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ
20ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយ
ជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក
21អស់​ទាំង​សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា
ក៏​សូម​អាហារ​ពី​ព្រះ​មក
22លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅ
ចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ
23ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួន
ហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច
24ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន
ច្រើន​ប្រការ​ណាស់​ហ្ន៎
ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា
ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត
25នុ៎ះ​ន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ
នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា
ជា​សត្វ​ទាំង​តូច​ទាំង​ធំ
26ក៏​មាន​នាវា​បើក​ទៅ​មក
ហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់
បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក
27គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់
ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល
28ទ្រង់​ក៏​ប្រទាន​ឲ្យ ហើយ​វា​ទទួល​យក
កាល​ទ្រង់​លា​ព្រះ‌ហស្ត​ទៅ
នោះ​វា​បាន​ឆ្អែត​ដោយ​របស់​ល្អ
29កាល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញ
កាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់
ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
30ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើង
ទ្រង់​កែ​ប្រែ​ផែនដី​ឡើង​ជា​ថ្មី
31សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​ជានិច្ច
សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​រីក‌រាយ​ឡើង​ដោយ‌សារ​ស្នាដៃ​ទ្រង់
32កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រ
កាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង
33កាល​នៅ​មាន​ជីវិត​នៅ​ឡើយ
នោះ​ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប
កាល​ទូលបង្គំ​មាន​នៅៗ​ឡើយ
នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូលបង្គំ
34សូម​ឲ្យ​សេចក្ដី​នឹក‌ជញ្ជឹង​របស់​ទូលបង្គំ
បាន​ផ្អែម​ត្រចៀក​ដល់​ទ្រង់
ទូលបង្គំ​នឹង​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា
35សូម​ឲ្យ​ពួក​អ្នក​មាន​បាប​សូន្យ​ចេញ​ពី​ផែនដី​ទៅ
ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​នៅ​សល់​ឡើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រលឹង​អញ​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 104: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល