ទំនុកដំកើង 119

119
1មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត
របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍
គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា
2មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់
របស់​ទ្រង់
ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត
3អើ ពួក​នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ
គឺ​គេ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​វិញ
4ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មក
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់
5ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ
បាន​រៀបចំ​ទៅ​អេះ
ដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់
6កាល​ណា​ទូលបង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់
នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ
7កាល​ណា​ទូលបង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិត
របស់​ទ្រង់
នោះ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ដោយ​ចិត្ត​ទៀង​ត្រង់
8ទូលបង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់
ឱ​សូម​កុំ​លះ​ចោល​ទូលបង្គំ​ឲ្យ​អស់​រលីង​ឡើយ។
9៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត
ដោយ‌សារ​អ្វី
គឺ​ដោយ​ប្រយ័តនឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
10ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត
ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់
របស់​ទ្រង់​ឡើយ
11ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត
ប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ
12ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយ
សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ
13បបូរ​មាត់​ទូលបង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់
ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក
14ទូលបង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាម
សេចក្ដី​បន្ទាល់​របស់​ទ្រង់
ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង
15ទូលបង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់
ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់
16ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន
ឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។
17៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ
ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ
ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់
18សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ
នៅ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់
19ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ
សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ
20ព្រលឹង​ទូលបង្គំ​សង្រេង
ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា
21ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃ
ដែល​ត្រូវ​បណ្តាសា​ហើយ
ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់
22សូម​ដក​យក​ការ​ដំនៀល
នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ
ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក
23មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា
ទាស់​នឹង​ទូលបង្គំ​ដែរ
អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត
របស់​ទ្រង់​វិញ
24ទូលបង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់
ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន
ហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។
25៙ ព្រលឹង​ទូលបង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដី
សូម​ប្រោស​ទូលបង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់
26ទូលបង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ
ហើយ​ទ្រង់​បាន​ឆ្លើយ​មក
សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ​ផង
27សូម​ឲ្យ​ទូលបង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់
យ៉ាង​នោះ​ទូលបង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​ទ្រង់
28ព្រលឹង​ទូលបង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត
សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
29សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូលបង្គំ​ចេញ
ហើយ​អនុញ្ញាត​ប្រទាន​ក្រិត្យ‌វិន័យ​របស់​ទ្រង់​មក​ទូលបង្គំ
ដោយ​ព្រះ‌គុណ
30ទូលបង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយ
ទូលបង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ
31ទូលបង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ
32ទូលបង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់
ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូលបង្គំ​ឡើង​ហើយ។
33៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ
នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ
នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត
34សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ
នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់
អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង
35សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់
របស់​ទ្រង់
ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ
36សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់
របស់​ទ្រង់
កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ
37សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍
ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់
38សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល
ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់
39សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ
ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ
40មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន
របស់​ទ្រង់
សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង
ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។
41៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ទូលបង្គំ
គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់
42យ៉ាង​នោះ ទូលបង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណា
ដែល​ត្មះ‌តិះដៀល​ទូលបង្គំ
ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់
43សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូលបង្គំ
អស់​រលីង​ឡើយ
ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់
44យ៉ាង​នោះ ទូលបង្គំ​នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ជានិច្ច
នៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ
45ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាព
ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់
46ទូលបង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់
នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ
47ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់
របស់​ទ្រង់
ជា​សេចក្ដី​ដែល​ទូលបង្គំ​បាន​ស្រឡាញ់
48ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់
របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់
ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។
49៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល
ដល់​អ្នក​បំរើ​ទ្រង់
ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សង្ឃឹម
50នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ
ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ
គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង
51ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក
ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ
52ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់
ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត
53ទូលបង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្ត
ដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោល
ក្រិត្យ‌វិន័យ​របស់​ទ្រង់
54អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ
នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ
55ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់
នៅ​វេលា​យប់
ហើយ​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់
56សេចក្ដី​នេះ​បាន​កើត​ដល់​ទូលបង្គំ
ដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។
57៙ ឯ​ចំណែក​នៃ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូលបង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូលបង្គំ​រក្សា​អស់​ទាំង
ព្រះ‌បន្ទូល​នៃ​ទ្រង់
58ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្ត
សូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់
59ទូលបង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន
នោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ
60ទូលបង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយ
គឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់
61ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូលបង្គំ​ជុំវិញ
តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ
62នៅ​កណ្តាល​អធ្រាត្រ ទូលបង្គំ​នឹង​ក្រោក​ឡើង
ដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់
63ទូលបង្គំ​ជា​មិត្រ‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់
ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ
64ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ
សេចក្ដី​សប្បុរស​របស់​ទ្រង់
សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង។
65៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់
ដោយ​ល្អ
តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
66សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់
ហើយ​ចេះ​ដឹង​យ៉ាង​ល្អ
ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ
67កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ
នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ
តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ
68ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ
សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ
69ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ
ទាស់​នឹង​ទូលបង្គំ
តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត
70ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់
តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ
71ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ
នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់
72ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក
នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់
ទាំង​ពាន់​ផង។
73៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង
សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់
ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់
74ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ
ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន
សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់
75ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ហើយ​ថា
អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត
ហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ
ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ
76ទូលបង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរស
របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូលបង្គំ
តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ
77សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូលបង្គំ
ដើម្បី​ឲ្យទូលបង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅ
ដ្បិត​ទូលបង្គំ​យក​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន
78សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ
ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ
ដោយ​ឥត​ហេតុ
តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់
79សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់
បាន​បែរ​មក​ឯ​ទូលបង្គំ
នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង
80សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់
ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។
81៙ ព្រលឹង​នៃ​ទូលបង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បាន
សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
ទូលបង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់
82ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ
ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់
ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់
ដោះ​ទុក្ខ​ទូលបង្គំ​ទៅ
83ដ្បិត​ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង
តែ​ទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ
84តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅ
តើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោស
ដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ
85ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូលបង្គំ
ជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់
86អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់
ឯ​គេៗ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ
សូម​ជួយ​ទូលបង្គំ​ផង
87គេ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ
ប៉ុន្តែទូលបង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ
88សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស
របស់​ទ្រង់
យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់
ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។
89ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌
ដរាប​ដល់​អស់‌កល្ប‌ជានិច្ច
90សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ
គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅ
ទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់
91ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
តាម​ច្បាប់​ទ្រង់
ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់
92បើ​ទូលបង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់
នោះ​ទូលបង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ
របស់​ទូលបង្គំ​ហើយ
93ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ
ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង
ដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង
94ទូលបង្គំ​ជា​របស់​ផង​ទ្រង់​ហើយ
សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់
95ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​វិនាស
តែ​ទូលបង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់
96ទូលបង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយ
តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។
97៙ ឱ​ទូលបង្គំ​ស្រឡាញ់​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎
ទូលបង្គំ​រំពឹង​គិត​ពី​ក្រិត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ
98សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា
លើស​ជាង​ខ្មាំង​សត្រូវ
ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូលបង្គំ​ជា​ដរាប
99ទូលបង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូលបង្គំ​ទៅ​ទៀត
ដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូលបង្គំ
100ទូលបង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗ
ពី​ព្រោះ​ទូលបង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់
101ទូលបង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
102ទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយ
ដ្បិត​ទ្រង់​បាន​បង្រៀន​ទូលបង្គំ
103ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎
អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត
104ទូលបង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់
ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។
105៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ
ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់ទូលបង្គំ​ផង
106ទូលបង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា
ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់
107ទូលបង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់
ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន
កំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់
108ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួល
ដង្វាយ​នៃ​មាត់​ទូលបង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត
ហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូលបង្គំ​ផង
109ជីវិត​នៃ​ទូលបង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ
តែ​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ
110ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ
ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ
111ទូលបង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់
ទុក​ជា​មរដក​នៅ​ជា​ដរាប
ដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីក‌រាយ
112ទូលបង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់
នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។
113៙ ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២
តែ​ទូលបង្គំ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ
114ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូលបង្គំ
ទូលបង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់
115នែ អ្នក​រាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ
ចូរ​ថយ​ពី​អញ​ចេញ
ដើម្បី​ឲ្យ​អញ​បាន​រក្សា​សេចក្ដី​បង្គាប់​របស់​ព្រះ​នៃ​អញ
116សូម​ទប់‌ទល់​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់
ឲ្យ​ទូលបង្គំ​បាន​រស់​នៅ
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស
ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូលបង្គំ​ឡើយ
117សូម​ទ្រង់​ធ្វើ​ជា​បង្អែក​នៃ​ទូលបង្គំ
ឲ្យ​ទូលបង្គំ​បាន​សេចក្ដី​សុខ
នោះ​ទូលបង្គំ​នឹង​គោរព​រាប់‌អាន​ចំពោះ​បញ្ញត្ត​ទ្រង់​ជានិច្ច
118ទ្រង់​បាន​លើក​ថ្លឹង​នូវ​អស់​អ្នក​ដែល​វង្វេង​ចេញ
ពី​បញ្ញត្ត​ទ្រង់
ដ្បិត​សេចក្ដី​ឆ‌បោក​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ
119ទ្រង់​ធ្វើ​ឲ្យ​ពួក​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី
ដូច​ជា​គេ​ដួស​ពពុះ​ចេញ​ពី​ឆ្នាំង
ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់​ដល់​សេចក្ដី​បន្ទាល់
របស់​ទ្រង់
120រូប​សាច់​ទូលបង្គំ​ញ័រ‌ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់
ទូលបង្គំ​ក៏​ខ្លាច​ចំពោះ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដែរ។
121៙ ទូលបង្គំ​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌
នឹង​សេចក្ដី​សុចរិត
សូម​កុំ​បោះ‌បង់​ចោល​ទូលបង្គំ
ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឡើយ
122សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អ
សូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ
123ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹង
ចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ
នឹង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់
124សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់
តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់
ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ
125ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់
ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់
126នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយ
ដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ទ្រង់
127ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់
ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស
អើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង
128ដូច្នេះ ទូលបង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថា
ជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការ
តែ​ទូលបង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។
129៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យ
ហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូលបង្គំ​គោរព​កាន់​តាម
130ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ
ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់
131ទូលបង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំ
ដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់
132សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តា
ដល់​ទូលបង្គំ
ដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក
ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់
133សូម​តាំង​ជំហាន​នៃ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់
សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាច
លើ​ទូលបង្គំ​ឡើយ
134សូម​លោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន
របស់​មនុស្ស
នោះ​ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់
135សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់
ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង
136ទឹក​ភ្នែក​ទូលបង្គំ​ហូរ​រហាម
ពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់។
137៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិត
ហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់
138ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើ
សេចក្ដី​យុត្តិ‌ធម៌
ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង
139សេចក្ដី​ឧស្សាហ៍​របស់​ទូលបង្គំ​បាន​ស៊ី​បង្ហិន​ទូលបង្គំ
ពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូលបង្គំ
គេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់
140ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធ
ជា​ទី​បំផុត​ហើយ
ហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់
141ឯ​ទូលបង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយ
ប៉ុន្តែទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ
142សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិត
ដ៏​នៅ​អស់‌កល្ប‌ជានិច្ច
ហើយ​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត
143សេចក្ដី​ទុក្ខ នឹង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់
លើ​ទូលបង្គំ​ហើយ
ទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់
ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ​ដែរ
144សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាប
សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់
នោះ​ទូលបង្គំ​នឹង​បាន​រស់​នៅ។
145៙ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្ត
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង
ទូលបង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់
146ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ
សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង
នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់
147ទូលបង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង
ហើយ​បាន​បន្លឺ​ឡើង​ថា
ទូលបង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់
148ទូលបង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក
ដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់
149សូម​ស្តាប់​សំឡេង​ទូលបង្គំ តាម​សេចក្ដី​សប្បុរស
របស់​ទ្រង់
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ
មាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់
150ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត
គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ
151ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរ
ហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់
152តាំង​ពី​យូរ​មក​ហើយ ទូលបង្គំ​បាន​ដឹង
ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថា
ទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។
153៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ
ហើយ​ជួយ​ឲ្យ​រួច​ផង
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ
154សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូលបង្គំ
ហើយ​លោះ​ទូលបង្គំ​ផង
សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់
155សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់
ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់
156ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណា
ដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លប់
សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់
157ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូលបង្គំ
គេ​មាន​គ្នា​ច្រើន
ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ
ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ
158ទូលបង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់
ហើយ​ក៏​ស្អប់​ខ្ពើម​គេ
ដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ
159សូម​ទ្រង់​ពិចារណា​ដែល​ទូលបង្គំ​ស្រឡាញ់
ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណា
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន
កំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់
160បូក​រួម​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា
ពិត​ត្រង់​ទាំង​អស់
ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់
ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។
161៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ
ប៉ុន្តែចិត្ត​ទូលបង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់
162ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់
ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន
163ទូលបង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូត
តែ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ
164ទូលបង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដង
ដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់
165ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ‌វិន័យ​ទ្រង់
នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លប់
ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ
166ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដី
សង្គ្រោះ​របស់​ទ្រង់
ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ
167ព្រលឹង​ទូលបង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់
ទូលបង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃ‌លែង
168ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត
នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់
ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូលបង្គំ​ប្រព្រឹត្ត
នោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។
169៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូលបង្គំ
បាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់
170សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូលបង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់
សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង
171សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូលបង្គំ បាន​ពោល
ពាក្យ​សរសើរ
ដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ
172សូម​ឲ្យ​អណ្តាត​ទូលបង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់
ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់
សុទ្ធ​តែ​សុចរិត​ទាំង​អស់
173សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូលបង្គំ
ព្រោះ​ទូលបង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់
174ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់
សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ
175សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូលបង្គំ​រស់​នៅ នោះ​នឹង
បាន​សរសើរ​ដល់​ទ្រង់
ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូលបង្គំ​ផង
176ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់
សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 119: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល