ទំនុកដំកើង 119
119
1មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត
របស់ខ្លួនបានគ្រប់លក្ខណ៍
គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា
2មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់
របស់ទ្រង់
ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត
3អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ
គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ
4ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក
ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
5ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ
បានរៀបចំទៅអេះ
ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់
6កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
7កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត
របស់ទ្រង់
នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ដោយចិត្តទៀងត្រង់
8ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់
ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្ត
ដោយសារអ្វី
គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត
ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់
របស់ទ្រង់ឡើយ
11ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត
ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ
12ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ
សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
13បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់
ដែលចេញពីព្រះឱស្ឋទ្រង់មក
14ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម
សេចក្ដីបន្ទាល់របស់ទ្រង់
ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង
15ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់
ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់
16ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន
ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។
17៙ សូមប្រោសអ្នកបំរើរបស់ទ្រង់ ដោយគុណដ៏ប្រសើរ
ប្រយោជន៍ឲ្យទូលបង្គំបានរស់នៅ
ហើយកាន់តាមព្រះបន្ទូលទ្រង់
18សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ
នៅក្នុងក្រិត្យវិន័យរបស់ទ្រង់
19ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ
សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
20ព្រលឹងទូលបង្គំសង្រេង
ដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា
21ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ
ដែលត្រូវបណ្តាសាហើយ
ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់
22សូមដកយកការដំនៀល
នឹងការមើលងាយពីទូលបង្គំចេញ
ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក
23មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា
ទាស់នឹងទូលបង្គំដែរ
អ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត
របស់ទ្រង់វិញ
24ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់
ទុកជាសេចក្ដីអំណររបស់ខ្លួន
ហើយជាសេចក្ដីដំបូន្មានផង។
25៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី
សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់
26ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ
ហើយទ្រង់បានឆ្លើយមក
សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
27សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់
យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់
28ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត
សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
29សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ
ហើយអនុញ្ញាតប្រទានក្រិត្យវិន័យរបស់ទ្រង់មកទូលបង្គំ
ដោយព្រះគុណ
30ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ
ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ
31ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់
ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
32ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់
ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
33៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ
នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ
នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
34សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ
នឹងកាន់តាមក្រិត្យវិន័យទ្រង់
អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង
35សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់
របស់ទ្រង់
ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ
36សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់
របស់ទ្រង់
កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
37សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍
ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់
38សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល
ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់
39សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះ
ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
40មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន
របស់ទ្រង់
សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង
ដោយសេចក្ដីសុចរិតរបស់ទ្រង់។
41៙ ឱព្រះយេហូវ៉ាអើយ
សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ទូលបង្គំ
គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់
42យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណា
ដែលត្មះតិះដៀលទូលបង្គំ
ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
43សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ
អស់រលីងឡើយ
ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់
44យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច
នៅអស់កល្បជានិច្ចរៀងតទៅ
45ទូលបង្គំនឹងដើរទៅដោយសេរីភាព
ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់
នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់
របស់ទ្រង់
ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់
48ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់
របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់
ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។
49៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានបន្ទូល
ដល់អ្នកបំរើទ្រង់
ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម
50នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ
ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ
គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង
51ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក
ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រិត្យវិន័យទ្រង់ឡើយ
52ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់
ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត
ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល
ក្រិត្យវិន័យរបស់ទ្រង់
54អស់ទាំងបញ្ញត្តរបស់ទ្រង់ជាបទចំរៀងរបស់ទូលបង្គំ
នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់
នៅវេលាយប់
ហើយបានកាន់តាមក្រិត្យវិន័យទ្រង់
56សេចក្ដីនេះបានកើតដល់ទូលបង្គំ
ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង
ព្រះបន្ទូលនៃទ្រង់
58ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត
សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន
នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60ទូលបង្គំមិនបានបង្អែបង្អង់ឡើយ
គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ
តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ
62នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង
ដើម្បីអរព្រះគុណដល់ទ្រង់
ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63ទូលបង្គំជាមិត្រភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ
64ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ
សេចក្ដីសប្បុរសរបស់ទ្រង់
សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។
65៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់
ដោយល្អ
តាមព្រះបន្ទូលនៃទ្រង់
66សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់
ហើយចេះដឹងយ៉ាងល្អ
ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
67កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ
នោះទូលបង្គំបានវង្វេងទៅ
តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ
សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ
69ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ
ទាស់នឹងទូលបង្គំ
តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត
70ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់
តែទូលបង្គំមានចិត្តអំណរចំពោះក្រិត្យវិន័យទ្រង់វិញ
71ការដែលទូលបង្គំកើតមានទុក្ខព្រួយ
នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ
ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក
នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់
ទាំងពាន់ផង។
73៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង
សូមប្រោសឲ្យទូលបង្គំមានយោបល់
ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
74ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ
ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន
សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
75ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា
អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត
ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ
ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ
76ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស
របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ
តាមសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ហើយ
77សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ
ដើម្បីឲ្យទូលបង្គំមានជីវិតស្ថិតស្ថេរនៅ
ដ្បិតទូលបង្គំយកក្រិត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន
78សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ
ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ
ដោយឥតហេតុ
តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់
79សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់
បានបែរមកឯទូលបង្គំ
នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង
80សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់
ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន
សេចក្ដីសង្គ្រោះរបស់ទ្រង់
ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82ភ្នែកទូលបង្គំស្រវាំងទៅ
ដោយចង់បានព្រះបន្ទូលនៃទ្រង់
ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់
ដោះទុក្ខទូលបង្គំទៅ
83ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង
តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
84តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅ
តើដល់កាលណាបានទ្រង់សំរេចទោស
ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
85ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំ
ជាការប្រព្រឹត្តលើ្មសចំពោះក្រិត្យវិន័យទ្រង់
86អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់
ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ
សូមជួយទូលបង្គំផង
87គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ
ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ
88សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស
របស់ទ្រង់
យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់
ដែលចេញពីព្រះឱស្ឋទ្រង់មក។
89ឱព្រះយេហូវ៉ាអើយ
ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌
ដរាបដល់អស់កល្បជានិច្ច
90សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ
គ្រប់ទាំងដំណមនុស្សតទៅ
ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ
តាមច្បាប់ទ្រង់
ដ្បិតទាំងអស់សំរាប់បំរើទ្រង់
92បើទូលបង្គំមិនបានរីករាយក្នុងក្រិត្យវិន័យរបស់ទ្រង់
នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ
របស់ទូលបង្គំហើយ
93ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ
ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង
ដោយសារបញ្ញត្តទាំងនោះឯង
94ទូលបង្គំជារបស់ផងទ្រង់ហើយ
សូមជួយសង្គ្រោះទូលបង្គំផង
ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស
តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយ
តែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97៙ ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎
ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញា
លើសជាងខ្មាំងសត្រូវ
ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត
ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ
100ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ
ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
101ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់
ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់
102ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយ
ដ្បិតទ្រង់បានបង្រៀនទូលបង្គំ
103ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎
អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត
104ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់
ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។
105៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ
ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង
106ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថា
ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់
107ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់
ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន
កំឡាំងឡើង តាមព្រះបន្ទូលទ្រង់
108ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល
ដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត
ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរ
តែទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ
110ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំ
ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់
ទុកជាមរដកនៅជាដរាប
ដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់
នៅជាដរាប រហូតដល់ចុងបំផុត។
113៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២
តែទូលបង្គំស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ
114ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ
ចូរថយពីអញចេញ
ដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ
116សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់
ឲ្យទូលបង្គំបានរស់នៅ
សូមកុំឲ្យទូលបង្គំត្រូវខ្មាស
ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ
117សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ
ឲ្យទូលបង្គំបានសេចក្ដីសុខ
នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច
118ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញ
ពីបញ្ញត្តទ្រង់
ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ
119ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដី
ដូចជាគេដួសពពុះចេញពីឆ្នាំង
ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់
របស់ទ្រង់
120រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់
ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
121៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌
នឹងសេចក្ដីសុចរិត
សូមកុំបោះបង់ចោលទូលបង្គំ
ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ
122សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អ
សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ
123ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង
ចាំឲ្យបានសេចក្ដីសង្គ្រោះ
នឹងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់
124សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់
តាមសេចក្ដីសប្បុរសរបស់ទ្រង់
ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125ទូលបង្គំជាអ្នកបំរើទ្រង់ហើយ
សូមប្រទានឲ្យទូលបង្គំមានយោបល់
ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយ
ដ្បិតគេបានរំលងល្មើសចំពោះក្រិត្យវិន័យរបស់ទ្រង់
127ហេតុនោះបានជាទូលបង្គំស្រឡាញ់
ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស
អើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា
ជាត្រឹមត្រូវគ្រប់ប្រការ
តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។
129៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ
ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម
130ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ
ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
131ទូលបង្គំបានហាមាត់ដកដង្ហើមធំ
ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់
132សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា
ដល់ទូលបង្គំ
ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក
ដែលស្រឡាញ់ព្រះនាមទ្រង់
133សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់
សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច
លើទូលបង្គំឡើយ
134សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន
របស់មនុស្ស
នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់
135សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់
ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង
136ទឹកភ្នែកទូលបង្គំហូររហាម
ពីព្រោះគេមិនកាន់តាមក្រិត្យវិន័យរបស់ទ្រង់។
137៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត
ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់
138ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ
សេចក្ដីយុត្តិធម៌
ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង
139សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ
ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ
គេបានភ្លេចព្រះបន្ទូលទ្រង់
140ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ
ជាទីបំផុតហើយ
ហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់
141ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ
ប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ
142សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត
ដ៏នៅអស់កល្បជានិច្ច
ហើយក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត
143សេចក្ដីទុក្ខ នឹងសេចក្ដីលំបាក បានមកគ្របសង្កត់
លើទូលបង្គំហើយ
ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់
ជាទីរីករាយដល់ទូលបង្គំដែរ
144សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប
សូមប្រោសឲ្យទូលបង្គំមានយោបល់
នោះទូលបង្គំនឹងបានរស់នៅ។
145៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត
ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង
ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ
សូមជួយសង្គ្រោះទូលបង្គំផង
នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង
ហើយបានបន្លឺឡើងថា
ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់
148ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក
ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់
149សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស
របស់ទ្រង់
ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ
មានកំឡាំងឡើង តាមច្បាប់របស់ទ្រង់
150ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត
គេនៅឆ្ងាយពីក្រិត្យវិន័យទ្រង់ទេ
151ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ
ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
152តាំងពីយូរមកហើយ ទូលបង្គំបានដឹង
ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា
ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។
153៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
ហើយជួយឲ្យរួចផង
ដ្បិតទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ
154សូមការពាររឿងក្តីរបស់ទូលបង្គំ
ហើយលោះទូលបង្គំផង
សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់
155សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់
ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់
156ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា
ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលប់
សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់
157ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ
គេមានគ្នាច្រើន
ប៉ុន្តែទូលបង្គំមិនបានបែរចេញ
ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ
158ទូលបង្គំបានពិចារណាមើលមនុស្សក្បត់
ហើយក៏ស្អប់ខ្ពើមគេ
ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
159សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់
ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា
ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន
កំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់
160បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា
ពិតត្រង់ទាំងអស់
ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
161៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុ
ប៉ុន្តែចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
162ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់
ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន
163ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូត
តែស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ
164ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង
ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់
165ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់
នោះមានសេចក្ដីសុខដ៏លើសលប់
ហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដី
សង្គ្រោះរបស់ទ្រង់
ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត
នឹងសេចក្ដីបន្ទាល់របស់ទ្រង់
ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត
នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។
169៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំ
បានចូលមកជិតនៅចំពោះទ្រង់
សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
170សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់
សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង
171សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល
ពាក្យសរសើរ
ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
172សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់
ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
សុទ្ធតែសុចរិតទាំងអស់
173សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំ
ព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់
174ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់
សេចក្ដីសង្គ្រោះរបស់ទ្រង់
ហើយក្រិត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
175សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង
បានសរសើរដល់ទ្រង់
ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង
176ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់
សូមដេញរកអ្នកបំរើទ្រង់ផង
ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 119: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.