ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ទ្រង់ ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។ ៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំ ហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ អន្ទាក់នៃសេចក្ដីស្លាប់បានទាក់ទូលបង្គំ ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់ នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ ក៏កាត់ឡើងជារងើកដែរ ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់ ទ្រង់គង់លើចេរូប៊ីនហោះមក អើ ទ្រង់ក៏សំកាំងនៅលើខ្យល់ ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រឹល នឹងរងើកភ្លើងផង ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង ព្រមទាំងព្រឹល នឹងរងើកភ្លើងផង ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ នឹងរន្ទះជាច្រើន ទៅបំបាក់ពួកគេ នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់ ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ ដ្បិតគេមានកំឡាំងជាងទូលបង្គំ នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញ មកលើទូលបង្គំ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ ដល់ទូលបង្គំ ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រិត្យណាមួយ របស់ទ្រង់ឡើយ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធ នៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់
អាន ទំនុកដំកើង 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 18:1-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ