ទំនុកដំកើង 18:25-50

ទំនុកដំកើង 18:25-50 ពគប

នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គ ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរ នៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែង អង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍ នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជា អ្នក​បរិសុទ្ធ​ដូច​គ្នា ហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹង សំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនា តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី ងងឹត​នៃ​ទូលបង្គំ​ភ្លឺ​ឡើង ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូលបង្គំ​នឹង​រត់​ចូល​ទៅ ត​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​លោត រំលង​កំផែង​បាន ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង ហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ ក៏​ដាក់​ទូលបង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូលបង្គំ ទ្រង់​បង្ហាត់​ដៃ​ទូលបង្គំ​ឲ្យ​ស្ទាត់​ច្បាំង ឲ្យ​ដៃ​ទូលបង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។ ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូលបង្គំ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូលបង្គំ ហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​បាន​ជា​ធំ ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​បាន​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ ទូលបង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់ ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង ទូលបង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូលបង្គំ ដោយ​កំឡាំង សំរាប់​ធ្វើ​ចំបាំង ទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ឲ្យ​គេ​នៅ​ក្រោម​ទូលបង្គំ​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ ទូលបង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិត ដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ ទូលបង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជន ទ្រង់​បាន​តាំង​ទូលបង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរ សាសន៍​១​ដែល​ទូលបង្គំ​មិន​ទាន់​ស្គាល់ នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូលបង្គំ វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ ហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​ដល់​ថ្មដា​នៃ​ទូលបង្គំ ក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ បាន​ថ្កើង​ឡើង គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូលបង្គំ​ដែរ ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាល អស់​ទាំង​សាសន៍​ដទៃ ហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ នឹង​ពូជ‌ពង្ស​ត​រៀង​ទៅ។