ទំនុកដំកើង 19
19
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ
ហើយលំហអាកាសក៏បង្ហាញការ
ដែលព្រះហស្តទ្រង់ធ្វើ
2ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត
ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ
3ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ
គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
4ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមក
ក៏បានចេញទៅគ្រប់លើផែនដី
ហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ
នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសំរាប់ព្រះអាទិត្យ
5ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក
ទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួន
ដូចជាមនុស្សខ្លាំងពូកែ
6ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង
ហើយដើរវង់ទៅដល់ជើងមេឃម្ខាង
គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។
7៙ ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍
ក៏កែព្រលឹងឡើងវិញ
សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត
ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
8សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់
ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ
ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក
9សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ
ក៏នៅជាប់ជារៀងរាបដរាប
អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់
ហើយសុចរិតគ្រប់ជំពូក
10សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស
អើ ជាជាងមាសសុទ្ធជាច្រើនផង
ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
11មួយទៀត ទូលបង្គំ ជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត
ដោយសារសេចក្ដីទាំងនោះដែរ
ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ
12តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន
សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង
13សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់
ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ
កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ
នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើ
រំលងយ៉ាងធំផង
14ឱព្រះយេហូវ៉ា ជាថ្មដា ហើយជាអ្នកប្រោសលោះនៃ
ទូលបង្គំអើយ
សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ
នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ
បានគួរគាប់នៅព្រះនេត្រទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 19: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.