ទំនុកដំកើង 31
31
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ
ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់
សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ
គឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង
3ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត
ហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំ
ដោយយល់ដល់ព្រះនាមទ្រង់
4សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់
ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំ
ដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់
ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយ
ទ្រង់បានលោះទូលបង្គំទុក
6ទូលបង្គំស្អប់ចំពោះអស់អ្នក
ដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរ
ឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយ
ដោយសេចក្ដីសប្បុរសរបស់ទ្រង់
ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ
ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8ទ្រង់មិនបានឃុំឃាំងទូលបង្គំ
នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ
គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ
9ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ
ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក
ភ្នែកទូលបង្គំកាន់តែខ្សោយទៅ
ដោយសេចក្ដីសោយសោក
ព្រមទាំងចិត្ត នឹងខ្លួនប្រាណនៃទូលបង្គំផង
10ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយ
ហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផង
កំឡាំងនៃទូលបង្គំចេះតែខ្សោយទៅ
ដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំ
ហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11ទូលបង្គំបានត្រឡប់ជាទីដៀលត្មះ
ដោយព្រោះពួកតតាំងនឹងទូលបង្គំ
អើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំង
ហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់
ទូលបង្គំផង
ពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅ
នោះក៏រត់ចេញពីមុខទូលបង្គំទៅ
12មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី
មនុស្សណាដែលស្លាប់បាត់ហើយ
ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
13ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន
មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ
ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ
នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
14តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់
ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ
15ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់
សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវ
របស់ទូលបង្គំ
ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ
16សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់
សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់
17ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
ដ្បិតទូលបង្គំបានអំពាវនាវដល់ទ្រង់
សូមឲ្យពួកមនុស្សអាក្រក់មានសេចក្ដីខ្មាសវិញ
សូមឲ្យគេស្ងៀមនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
18សូមឲ្យបបូរមាត់កំភូតបានទៅជាគ
គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត
ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ
19ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអម្បាលណាទៅ
ដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែល
កោតខ្លាចដល់ទ្រង់
ជាសេចក្ដីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោក
សំរាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
20ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់
ឲ្យបានរួចពីឧបាយរបស់មនុស្ស
ទ្រង់នឹងថែរក្សាគេ ដោយសំងាត់ នៅក្នុងពន្លាទ្រង់
ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ
21សូមលើកសរសើរដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់បានសំដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់
ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន
22ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា
ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ
ក្នុងកាលដែលអំពាវនាវដល់ទ្រង់
23ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ
ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ
ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់
ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ
24ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ
ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នា
បានក្លាហានចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 31: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.