ទំនុកដំកើង 34

34
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ក្នុង​កាល​ដែល​ទ្រង់​ក្លែង ធ្វើ​ជា​ឆ្កួត នៅ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​ត្រូវ​បណ្តេញ​ចេញ​ទៅ។
1ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់
ពេល​វេលា
សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច
2ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ‌យេហូវ៉ា
មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ
3ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ
ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង
4ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ
ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ
5អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្ដី​អំណរ
ដ៏​ព្រោង‌ព្រាយ
ហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ
6ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ
នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម
ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន
7ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល
កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច
8ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ
មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់
9ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោត‌ខ្លាច​ដល់
ព្រះ‌យេហូវ៉ា
ដ្បិត​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ
10ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែង‌តែ​ខ្វះ ហើយ​ក៏​ឃ្លាន
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី
ដែល​ល្អ​ឡើយ
11កូន​ទាំង‌ឡាយ​អើយ ចូរ​មក​ស្តាប់​អញ​ចុះ
អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា ពី​សេចក្ដី​កោត‌ខ្លាច​ដល់
ព្រះ‌យេហូវ៉ា
12តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត ហើយ​ស្រឡាញ់
អាយុ​យឺន‌យូរ
ដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ
13ត្រូវ​ឲ្យ​រក្សា​អណ្តាត​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់
ហើយ​បបូរ​មាត់​ផង មិន​ឲ្យ​ពោល​ពាក្យ​កំភូត
14ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ
ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម​ចុះ
15ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត
ហើយ​ព្រះ‌កាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ
16ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក
ដែល​ប្រព្រឹត្ត​អាក្រក់
ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ
17ឯ​មនុស្ស​សុចរិត គេ​អំពាវ‌នាវ ហើយ​ព្រះ‌យេហូវ៉ា
ទ្រង់​ទទួល​ស្តាប់
ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ
18ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក
ដែល​មាន​ចិត្ត​សង្រេង
ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក
ដែល​មាន​វិញ្ញាណ​ទន់​ទាប
19មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន
តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ
20ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ
មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ
21សេចក្ដី​អាក្រក់​នឹង​សំឡាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់
ហើយ​ពួក​អ្នក​ដែល​ស្អប់​ដល់​មនុស្ស​សុចរិត
នឹង​ត្រូវ​មាន​ទោស
22ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព
ប្រតិ‌បត្តិ​ដល់​ទ្រង់
ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់
នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 34: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល