ទំនុកដំកើង 36

36
ទំនុក​នៃ​ស្តេច​ដាវីឌ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1ការ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់
នោះ​សំដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា
នៅ​ភ្នែក​គេ​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​ទេ
2ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ
ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន
អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ
3អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា
សេចក្ដី​ទុច្ចរិត ហើយ​ភូត‌ភរ​ទទេ
គេ​បាន​លែង​មាន​ប្រាជ្ញា ក៏​មិន​ប្រព្រឹត្ត​ល្អ​ដែរ
4គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួន
ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ
គេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់
ដល់​ផ្ទៃ​មេឃ
សេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង
6សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះ
សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ
ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស
នឹង​សត្វ​ផង
7ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេស
យ៉ាង​ណា​ហ្ន៎
ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់
8គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់
ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់
9ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់
នៅ​ក្នុង​ពន្លឺ​នៃ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​បាន​ភ្លឺ
10ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរស
ដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅ
ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នក
ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង
11សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ មក​ទាស់​នឹង​ទូលបង្គំ
ឬ​ដៃ​នៃ​មនុស្ស​អាក្រក់​មក​បណ្តេញ​ទូលបង្គំ​ឡើយ
12សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នោះ​បាន​ដួល​ចុះ
ឲ្យ​គេ​ត្រូវ​ទំលាក់​ទៅ​ឥត​ក្រោក​ឡើង​វិញ​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 36: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល