ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់ ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។ ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។ ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន នឹងភ្នំមីតសារ ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ ចាក់ក្នុងឆ្អឹងទូលបង្គំ ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។
អាន ទំនុកដំកើង 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 42:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ