ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដ្បិតទឹកបានហូរចូល ដល់ព្រលឹងនៃទូលបង្គំហើយ ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ បំពង់កនៃទូលបង្គំខះហើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។ ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។ ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយ សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស ដោយព្រោះទូលបង្គំឲ្យសោះ ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន ទូលបង្គំ ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់ នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង គេនិយាយដើមពីទូលបង្គំ ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។ ៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់ កុំឲ្យទូលបង្គំផុងចុះទៅឡើយ សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ ហើយពីទឹកជ្រៅផង សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់ សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។ ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ
អាន ទំនុកដំកើង 69
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 69:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ