ទំនុកដំកើង 81
81
ទំនុករបស់អេសាភ ដែលលោកលើក សំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ចូរបន្លឺសំឡេងឡើង
ច្រៀងថ្វាយព្រះដ៏ជាកំឡាំងនៃយើងខ្ញុំ
ចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះ
ព្រមទាំងចាប់ស៊ុងដ៏ពីរោះ នឹងដេញពិណផង
3ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌
នឹងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4ដ្បិតនោះហើយជាច្បាប់សំរាប់សាសន៍អ៊ីស្រាអែល
គឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប
ក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទ
វេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា
ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវ
ហើយអញបានជួយឯងឲ្យរួច
អញបានតបដល់ឯងពីទីសំងាត់នៃផ្គរ
អញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់
8៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះ
អញនឹងធ្វើបន្ទាល់ដល់ឯង
ឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ
9មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ
ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ
ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
10អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯង
ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក
ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
11ប៉ុន្តែរាស្ត្រអញមិនបានស្តាប់តាមអញឡើយ
សាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ
12ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស
របស់គេទៅ
ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
13ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ
ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ
14នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់
ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ
15គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា
បានចុះចូលចំពោះទ្រង់
ប៉ុន្តែពេលវេលារបស់អ៊ីស្រាអែល
នឹងស្ថិតស្ថេរនៅជាដរាបតទៅ
16ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត
ហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 81: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.