ទំនុកដំកើង 83
83
ទំនុកជាបទចំរៀងរបស់អេសាភ។
1ឱព្រះអង្គអើយ
សូមកុំឲ្យទ្រង់នៅស្ងៀមឡើយ
ឱព្រះអង្គអើយ សូមកុំឲ្យសំងំ ឬព្រងើយនៅឲ្យសោះ
2ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ
ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង
3គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់
ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង
4គេបានថា ចូរយើងកាត់គេចេញ
មិនឲ្យធ្វើជានគរទៀតបាន
ហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ
5ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយ
គេបានតាំងសញ្ញាទាស់នឹងទ្រង់
6គឺអស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែល
សាសន៍ម៉ូអាប់ នឹងសាសន៍ហាការេន
7សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក
សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
8ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ
សាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន
គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា នឹងយ៉ាប៊ីន
នៅត្រង់ស្ទឹងគីសុន
10ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរ
ហើយបានត្រឡប់ដូចជាលាមកនៅដី
11សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ
បានដូចជាអូរិប នឹងសៀប
អើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះ
បានដូចជាសេបា ហើយនឹងសាលមូន៉ា
12ជាអ្នកដែលនិយាយថា
ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះ
ទុកជាកេរ្តិ៍អាកររបស់យើងចុះ
13ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួច
ដូចជាកំទេចចំបើងដែលផាត់ទៅដោយខ្យល់
14ដូចភ្លើងដែលឆេះព្រៃ
ហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់
ហើយធ្វើឲ្យគេភ័យញ័រ
ដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង
16សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស
ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ
17សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាប
អើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅ
18ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ
ព្រះនាមជាយេហូវ៉ា
ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 83: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.