ទំនុកដំកើង 88

88
ទំនុក​ជា​បទ​ចំរៀង​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ ជា​សេចក្ដី​បង្រៀន​របស់​ហេម៉ាន ពូជ​អេស‌រ៉ាគីត។
1ឱ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ
ទូលបង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ
2សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
បាន​ចូល​មក​នៅ​ចំពោះ​ទ្រង់
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល‌អង្វរ​ផង
3ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនា
ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
4គេ​រាប់​ទូលបង្គំ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​កំពុង​តែ
ចុះ​ទៅ​ក្នុង​រណ្តៅ
ទូលបង្គំ​ក៏​ដូច​ជា​មនុស្ស​ដែល​គ្មាន​កំឡាំង
5ត្រូវ​បោះ‌បង់​ចោល​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់​ហើយ
ដូច​ជា​អ្នក​១​ដែល​ត្រូវ​គេ​កាប់​សំឡាប់
ដែល​ដេក​នៅ​ក្នុង​ផ្នូរ
ជា​អ្នក​ដែល​ទ្រង់​មិន​នឹក​ចាំ​ទៀត​សោះ
ហើយ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ
6ទ្រង់​បាន​ផ្តេក​ទូលបង្គំ​នៅ​ក្នុង​រណ្តៅ​ជ្រៅ​បំផុត
គឺ​ក្នុង​ទី​ងងឹត នៅ​ទី​ជំរៅ
7សេចក្ដី​ក្រោធ​របស់​ទ្រង់​កំពុង​តែ​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់
ទ្រង់​បាន​ធ្វើ​ទុក្ខ​ទូលបង្គំ ដោយ​អស់​ទាំង​រលក​ទ្រង់។
–បង្អង់
8៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​មិត្ត‌ភក្តិ​របស់​ទូលបង្គំ​ឃ្លាត​ឆ្ងាយ​ទៅ
ក៏​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ
ទូលបង្គំ​ត្រូវ​បង្ខាំង​នៅ នឹង​ចេញ​មក​មិន​រួច
9ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ
ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ច
ទូលបង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់
10តើ​ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ
ដល់​មនុស្ស​ដែល​ស្លាប់​ហើយ​ឬ
តើ​អ្នក​ដែល​ស្លាប់​នឹង​ងើប​ឡើង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ។
–បង្អង់
11៙ តើ​នឹង​មាន​គេ​ថ្លែង​ពី​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ក្នុង​ផ្នូរ
ឬ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​ទី​ហិន‌វិនាស​ដែរ​ឬអី
12តើ​នឹង​មាន​អ្នក​ណា​ស្គាល់​ការ​អស្ចារ្យ​របស់​ទ្រង់
នៅ​ក្នុង​ទី​ងងឹត
ឬ​សេចក្ដី​សុចរិត​ទ្រង់​នៅ​ស្ថាន​ភ្លេច​ភ្លាំង​បាន​ឬ​ទេ
13ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់
នៅ​ពេល​ព្រឹក​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
នឹង​មក​ចំពោះ​ទ្រង់
14ឱ​ព្រះ‌យេហូវ៉ា​អើយ
ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូលបង្គំ​ចោល
ម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ដូច្នេះ
15ទូលបង្គំ​មាន​ទុក្ខ​វេទនា
ហើយ​ប្រុង‌ប្រៀប​នឹង​ស្លាប់ តាំង​តែ​ពី​ក្មេង​មក
កាល​ទូលបង្គំ​កំពុង​តែ​រង​ទ្រាំ​អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច
របស់​ទ្រង់ នោះ​ទូលបង្គំ​មាន​ចិត្ត​ស្ពឹក​ស្រពន់
16សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្រប
លើ​ទូលបង្គំ​ហើយ
សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូលបង្គំ​ចេញ
17សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ​ជុំវិញ
ដូច​ជា​ទឹក ជា​ដរាប​រាល់​ថ្ងៃ
ក៏​នាំ​គ្នា​រឹត‌រួត​ទូលបង្គំ​ទាំង​អស់
18ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ
នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ
ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ
ក្នុង​សេចក្ដី​ងងឹត​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 88: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល