ទំនុកដំកើង 97
97
1ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង
គួរឲ្យផែនដីអរសប្បាយឡើង
គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
2មានពពក នឹងសេចក្ដីងងឹតបាំងជុំវិញទ្រង់
សេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌
ជាជើងថ្កល់បល្ល័ង្កទ្រង់
3មានភ្លើងចេញទៅនៅចំពោះទ្រង់
ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញ
4ផ្លេកបន្ទោររបស់ទ្រង់ក៏បំភ្លឺលោកីយ
ផែនដីបានឃើញ ហើយញាប់ញ័រ
5អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន
នៅចំពោះព្រះយេហូវ៉ា
គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់
ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់
7សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់
មានសេចក្ដីខ្មាស
គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន
នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
8ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរ
ពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើង
ដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
9ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុត
នៅលើផែនដីទាំងមូល
ទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
10ឱពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ
ចូរស្អប់ការអាក្រក់ចុះ
ទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់
ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់
11មានពន្លឺបានសាបព្រោះទៅ សំរាប់មនុស្សសុចរិត
នឹងសេចក្ដីអំណរ សំរាប់មនុស្សដែលមានចិត្តទៀងត្រង់
12ឱមនុស្សសុចរិតអើយ ចូរមានសេចក្ដីរីករាយ
ក្នុងព្រះយេហូវ៉ា
ហើយអរព្រះគុណ ឲ្យជាទីរឭកដល់សេចក្ដីបរិសុទ្ធ
របស់ទ្រង់ចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 97: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.