រ៉ូម 14
14
1ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្ដីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្ដីប្រកាន់ផ្សេងៗឡើយ 2ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ 3កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា 4តើអ្នកជាអ្វីដែលនិន្ទាបាវបំរើរបស់គេ អ្នកនោះឈរឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន 5ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន 6អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
7ដ្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើង ដែលរស់សំរាប់ខ្លួនឯងទេ ក៏គ្មានអ្នកណាស្លាប់សំរាប់ខ្លួនឯងដែរ 8ទោះបើយើងរស់ឬស្លាប់ក្តី គង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ 9ដ្បិតដោយហេតុនោះឯង បានជាព្រះគ្រីស្ទទ្រង់សុគត ហើយមានព្រះជន្មរស់ឡើងវិញ គឺដើម្បីនឹងធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ នឹងមនុស្សរស់ផង 10ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ 11ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង» 12ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។
13ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ 14ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ 15ប៉ុន្តែ បើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួស ត្រូវវិនាសដោយសារម្ហូបរបស់អ្នកឡើយ 16ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ 17ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី នឹងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ 18ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ 19ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្ដីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ 20កុំឲ្យបំផ្លាញការព្រះ ដោយព្រោះតែម្ហូបណានោះឡើយ គ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែន តែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញ 21គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ 22អ្នកឯងមានសេចក្ដីជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ មានពរហើយ អ្នកណាដែលមិនកាត់ទោសខ្លួនឯង ក្នុងការដែលខ្លួនរាប់ថាធ្វើបាន 23តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្ដីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្ដីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 14: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.