សាការី 8

8
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​មក​ដល់​ខ្ញុំ​ថា 2ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង​ចំពោះ​ក្រុង​ស៊ីយ៉ូន អញ​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ​ចិត្ត​ក្រោធ​ជា​ខ្លាំង 3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​វិល​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ក៏​នឹង​អាស្រ័យ​នៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ 4ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នឹង​នៅ​មាន​បុរស​ចាស់ នឹង​ស្ត្រី​ចាស់​អង្គុយ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៀត គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ 5អស់​ទាំង​ផ្លូវ​ទី​ក្រុង​នឹង​បាន​ពេញ​ដោយ​កូន​ប្រុស​ស្រី ដែល​កំពុង​តែ​លេង​ក្នុង​ផ្លូវ 6ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ជា​ទី​ប្លែក​ភ្នែក​ដល់​សំណល់​ជន‌ជាតិ​នេះ នោះ​តើ​ត្រូវ​បាន​ជា​ទី​ប្លែក​ភ្នែក​ដល់​អញ​ដែរ​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត ហើយ​ពី​ស្រុក​ខាង​លិច​ដែរ 8អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិតនឹង​សេចក្ដី​សុចរិត។
9ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង 10ដ្បិត​កាល​មុន​គ្រា​នោះ​គ្មាន​ថ្លៃ​ឈ្នួល​ដល់​មនុស្សឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស​ដែល​ចេញឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន 11តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​មិន​ប្រព្រឹត្ត​នឹង​សំណល់​ជន‌ជាតិ​នេះ ដូច​កាល​ជាន់​មុន​ទៀត​ទេ 12ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ហើយ​ដី​នឹង​ចំរើន​ផល​ដែរ ផ្ទៃ​មេឃ​ក៏​នឹង​ទំលាក់​សន្សើម​មក ហើយ​អញ​នឹង​ឲ្យ​សំណល់​នៃ​ជន‌ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មរដក 13ឱ​ពួក​វង្ស​យូដា នឹង​ពួក​វង្ស​អ៊ីស្រាអែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។
14ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ពួក​ឰយុកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា 15សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 16នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​ឲ្យ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត នឹង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា 17កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ បង្កើត​ការ​អាក្រក់​ក្នុង​ចិត្ត​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្អប់​អស់​ទាំង​អំពើ​យ៉ាង​នោះ​ណាស់។
18ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា 19ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​ពេល​តម​អត់​ក្នុង​ខែ​អាសាធ ខែ​ស្រាពណ៍ ខែ​អស្សុជ ហើយ​នៅ​ខែ​បុស្ស នោះ​ត្រូវ​បាន​ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក‌គ្រេង​ដល់​ពួក​វង្ស​យូដា​វិញ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិតនឹង​សេចក្ដី​សុខ​ចុះ 20ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​នឹង​នៅ​មាន​គ្រា​ទៀត ដែល​សាសន៍​ផ្សេងៗ ហើយ​មនុស្ស​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក 21ពួក​អ្នក​នៅ​ស្រុក​១​នឹង​ទៅ​ឯ​ស្រុក​១​ទៀត​បបួល​ថា ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ឯ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ 22អើ ជន‌ជាតិ​ជា​ច្រើន នឹង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរ​ដល់​ទ្រង់ 23ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

ទើបបានជ្រើសរើសហើយ៖

សាការី 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល