កិច្ចការ 13
13
រសអុលឡោះជ្រើសយកលោកបារណាបាស និងលោកសូលឲ្យទៅបំពេញបេសកកម្ម
1ក្នុងក្រុមជំអះនៅក្រុងអន់ទីយ៉ូក មានណាពី និងតួន គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយស្តេចហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និងលោកសូល។ 2នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ 3ក្រោយពីបាននាំគ្នាតមអាហារ និងទូរអារួចហើយ គេបានដាក់ដៃលើអ្នកទាំងពីរ ហើយឲ្យលោកចេញទៅ។
លោកបារណាបាស និងលោកសូលនៅកោះគីប្រុស
4លោកបារណាបាស និងលោកសូល ដែលរសអុលឡោះដ៏វិសុទ្ធបានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។ 5ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។ 6បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្ដអាគមជាតិយូដាម្នាក់ ឈ្មោះបារជេស៊ូស្សជាណាពីក្លែងក្លាយ 7គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់បន្ទូលរបស់អុលឡោះ។ 8ប៉ុន្ដែ អេលីម៉ាស (ភាសាក្រិក ប្រែថា គ្រូមន្ដអាគម) ចេះតែប្រឆាំងនឹងអ្នកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។ 9ពេលនោះ លោកសូល ដែលហៅថាប៉ូល បានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស 10ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។ 11ឥឡូវនេះ អំណាចរបស់អុលឡោះជាអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ 12កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីអុលឡោះជាអម្ចាស់ខ្លាំងណាស់។
លោកប៉ូល និងលោកបារណាបាសនៅក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា
13លោកប៉ូល និងមិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ យ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ 14រីឯលោកប៉ូល និងមិត្ដភក្ដិរបស់លោក បានបន្ដដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃជំអាត់អ្នកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ 15បន្ទាប់ពីបានអានគីតាបហ៊ូកុំ និងគីតាបណាពីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកអ្នកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមមានប្រសាសន៍មកចុះ»។ 16លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចអុលឡោះសូមជ្រាប! 17អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចំរើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មក អុលឡោះបាននាំគេចេញពីប្រទេសនោះ ដោយអំណាចរបស់ទ្រង់។ 18អុលឡោះបានផ្គត់ផ្គង់ គេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។ 19ក្រោយពីអុលឡោះរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ អុលឡោះបានប្រទានទឹកដីនោះឲ្យប្រជារាស្ដ្ររបស់ទ្រង់ធ្វើជាកម្មសិទ្ធិ។ 20ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក អុលឡោះប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ណាពីសាំយូអែល។ 21បន្ទាប់មកទៀត គេបាននាំគ្នាសូមស្ដេចមួយនាក់ អុលឡោះក៏ប្រទានស្តេចសូលជាកូនរបស់លោកគីស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ 22ក្រោយពីបានដករាជ្យពីស្តេចសូល អុលឡោះប្រទានឲ្យទតឡើងគ្រងរាជ្យ។ អុលឡោះប្រទានសក្ខីភាពអំពីទតនេះថាៈ “យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្តយើងណាស់ គឺទតជាកូនរបស់អ៊ីសាយ ដ្បិតទតនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ 23ក្នុងពូជពង្សរបស់ទតនេះហើយ ដែលអុលឡោះប្រទានឲ្យអ៊ីសាកើតមក និងធ្វើជាអ្នកសង្រ្គោះរបស់ជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលសន្យារបស់អុលឡោះ។ 24មុននឹងអ៊ីសាមកដល់ យ៉ះយ៉ាបានប្រកាសឲ្យជនជាតិអ៊ីស្រអែលទាំងមូលកែប្រែចិត្ដគំនិត ដោយទទួលពិធីជ្រមុជទឹក។ 25ពេលយ៉ះយ៉ាបំពេញមុខងាររបស់គាត់ ចប់សព្វគ្រប់ហើយ គាត់មានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានម្នាក់មកតាមក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង”។
26បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ 27ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាអ៊ីសាជានរណាឡើយ។ គេបានកាត់ទោសអ៊ីសា ស្របនឹងសេចក្ដីដែលណាពីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃជំអាត់ 28ទោះបីគេរកកំហុសអ្វីមកកាត់ទោសអ៊ីសាមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតគាត់ដែរ។ 29កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីអ៊ីសាចប់សព្វគ្រប់ហើយ គេក៏យកសពអ៊ីសាចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ 30ប៉ុន្ដែ អុលឡោះបានប្រោសអ៊ីសាឲ្យរស់ឡើងវិញ។ 31អ៊ីសាបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយគាត់ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់អ៊ីសា នៅចំពោះមុខប្រជាជនទៀតផង។ 32រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា បន្ទូលដែលអុលឡោះបានសន្យាជាមួយបុព្វបុរសរបស់យើង 33ទ្រង់បានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់បុព្វបុរសទាំងនោះហើយ គឺអុលឡោះបានប្រោសអ៊ីសាឲ្យមានជីវិតរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថាៈ
អ្នកជាបុត្រារបស់យើង
គឺយើងបានទៅជាបិតាអ្នកនៅថ្ងៃនេះ។
34អុលឡោះបានប្រោសអ៊ីសាឲ្យមានជីវិតរស់ឡើងវិញ ដើម្បីកុំឲ្យសពអ៊ីសាត្រូវរលួយឡើយ ដូចមានចែងទុកមកថាៈ
“យើងនឹងចងសម្ពន្ធមេត្រីមួយដែល
នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក
ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើងចំពោះទត” ។
35ហេតុនេះហើយបានជាមានចែងទុកក្នុងអាយិតគីតាបមួយទៀតថាៈ
“ទ្រង់មិនបណ្ដោយឲ្យសពអ្នកបម្រើ
ដ៏វិសុទ្ធរបស់ទ្រង់រលួយឡើយ”។
36ទតបានបម្រើអុលឡោះ តាមគម្រោងការទ្រង់នៅជំនាន់នោះ រួចស្លាប់ទៅ។ គេបានបញ្ចុះសពទតក្នុងផ្នូរ ជាមួយជីតា ហើយសពរបស់គាត់ក៏បានរលួយអស់ដែរ។ 37រីឯអ៊ីសាដែលអុលឡោះបានប្រោសឲ្យមានជីវិតរស់ឡើងវិញនោះសពរបស់គាត់ពុំបានរលួយទេ។
38ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា អុលឡោះលើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈអ៊ីសា ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមហ៊ូកុំរបស់ណាពីម៉ូសាបានឡើយ។ 39ផ្ទុយទៅវិញ អុលឡោះប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈអ៊ីសា។ 40ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលណាពីថ្លែងទុកមកថា:
41 “មនុស្សដែលចេះតែមើលងាយគេអើយ!
ចូរនាំគ្នាមើល ហើយងឿងឆ្ងល់
រួចវិនាសបាត់ទៅចុះ!
ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់
របស់អ្នករាល់គ្នា
ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ
ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា
ក៏ដោយ”»។
42ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃជំអាត់ខាងមុខទៀត។ 43លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍អុលឡោះ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ អ្នកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំលឹកគេ ឲ្យនៅខ្ជាប់ខ្ជួននឹងក្តីមេត្តារបស់អុលឡោះជានិច្ច។
44នៅថ្ងៃជំអាត់បន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់បន្ទូលរបស់អុលឡោះជាអម្ចាស់ស្ទើរតែទាំងអស់គ្នា។ 45កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្ដច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។ 46លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្ដអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសបន្ទូលរបស់អុលឡោះដល់បងប្អូន។ ប៉ុន្ដែ ដោយបងប្អូនបដិសេធមិនព្រមទទួលបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ 47ដ្បិតអុលឡោះជាអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ
“យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ
បំភ្លឺជាតិសាសន៍នានា
និងឲ្យនាំការសង្គ្រោះរហូតទៅដល់
ស្រុកដាច់ស្រយាលនៃផែនដី»។
48កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងបន្ទូលរបស់អុលឡោះជាអម្ចាស់។ រីឯអស់អ្នកដែលអុលឡោះតំរូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ 49បន្ទូលរបស់អុលឡោះជាអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។ 50ប៉ុន្ដែ សាសន៍យូដាបានញុះញង់ស្ដ្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍អុលឡោះ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញអ្នកទាំងពីរចេញពីដែនដីរបស់គេផង។
51លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើង របស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។ 52រីឯពួកសិស្សនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយរសអុលឡោះដ៏វិសុទ្ធ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 13: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.