កិច្ចការ 5
5
អាណាណាស និងសាភីរ៉ា
1មានបុរសម្នាក់ឈ្មោះអាណាណាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ 2ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក។ 3ពេត្រុសនិយាយទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាអ៊ីព្លេសហ្សៃតននៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហករសអុលឡោះដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 4កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ដ! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្ដយ៉ាងហ្នឹង?។ អ្នកបានកុហកអុលឡោះ គឺមិនមែនកុហកមនុស្សទេ»។ 5កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ 6ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
7ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ 8ពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។ 9ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ 10រំពេចនោះ នាងក៏ដួលនៅជើងរបស់គាត់ ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមកឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។ 11ក្រុមជំអះទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
ក្រុមសាវ័កសំដែងការអស្ចារ្យផ្សេងៗ
12សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមបរិវេណស៊ូឡៃម៉ាន។ 13រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ 14បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើអ៊ីសាជាអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ 15មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។ 16មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានអ៊ីព្លេសចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
ក្រុមសាវ័កត្រូវគេបៀតបៀន
17ពេលនោះ មូស្ទី និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្ដក្ដៅក្រហាយជាខ្លាំង។ 18គេលើកគ្នាមកចាប់ក្រុមសាវ័ក យកទៅឃុំឃាំងនៅពន្ធធនាគារសាធារណៈ។ 19លុះដល់យប់ មានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកបើកទ្វារពន្ធធនាគារឲ្យក្រុមសាវ័កចេញទាំងពោលថា៖ 20«សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។ 21កាលបានឮពាក្យម៉ាឡាអ៊ីកាត់ ក្រុមសាវ័កនាំគ្នាចូលទៅក្នុងម៉ាស្ជិទតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។
មូស្ទ និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធធនាគារមក។ 22ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជម្រាបអង្គប្រជុំថា៖ 23«យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ 24កាលមេកងរក្សាម៉ាស្ជិទ និងពួកអ៊ីមុាំឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ 25ពេលនោះមានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងម៉ាស្ជិទឯណោះ!»។ 26មេកងរក្សាម៉ាស្ជិទ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។ 27លុះនាំក្រុមសាវ័កមកដល់ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ មូស្ទីសួរក្រុមសាវ័កថា៖ 28«យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។ 29ពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់អុលឡោះជាជាងស្ដាប់បង្គាប់មនុស្ស។ 30អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់យើងទ្រង់បានប្រោសអ៊ីសា ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ 31អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។ 32យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះប្រទានដល់អស់អ្នកស្ដាប់បង្គាប់ទ្រង់ក៏ជាសាក្សីដែរ»។
33កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេខឹងជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។ 34ប៉ុន្ដែ មានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងហ៊ូកុំ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់ 35រួចនិយាយទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ 36ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ 37បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ 38ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន 39ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីអុលឡោះ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងអុលឡោះទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា 40គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីនាមអ៊ីសាទៀត រួចលែងឲ្យត្រឡប់ទៅវិញ។ 41ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។ 42ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ អំពីអ៊ីសាអាល់ម៉ាហ្សៀស នៅក្នុងម៉ាស្ជិទ និងនៅតាមផ្ទះឥតឈប់ឈរឡើយ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.