កិច្ចការ 7

7
សុន្ទរ‌កថា​របស់​លោក​ស្ទេផាន
1មូស្ទី​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» 2លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​អ៊ី‌ព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ហារ៉ាន អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង បាន​មក​បង្ហាញ​ឲ្យ​គាត់​ឃើញ 3ហើយ​មាន​បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ​សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក”4អ៊ី‌ព្រហ៊ីម​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ហារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​បាន​ស្លាប់​ផុត​ទៅ អុលឡោះ​បាន​នាំ​គាត់​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ 5នៅ​ស្រុក​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ទ្រង់​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្ដែ អុលឡោះ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​គាត់ និង​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ អ៊ី‌ព្រហ៊ីម​គ្មាន​កូន​ទេ។ 6អុលឡោះ​មាន​បន្ទូល​ថាៈ “ពូជ​ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ​ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។ 7អុលឡោះ​មាន​បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ​ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ហើយ​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”8បន្ទាប់​មក អុលឡោះ​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី​ឲ្យ​អ៊ី‌ព្រហ៊ីម ដោយ​យក​ពិធី​ខតាន់​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ី‌សាហាក់​កើត​បាន​ប្រាំ​បី​ថ្ងៃ អ៊ី‌ព្រហ៊ីម​ជា​ឪពុក បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ។ អ៊ី‌សាហាក់​ក៏​បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ​យ៉ាកកូប ហើយ​យ៉ាកកូប​ក៏​បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ​បុព្វ‌បុរស​ទាំង​ដប់‌ពីរ​នាក់​ដែរ។
9ពួក​បុព្វ‌បុរស​មាន​ចិត្ដ​ច្រណែន​ឈ្នានីស​នឹង​យូសុះ ក៏​លក់​គាត់​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ 10ប៉ុន្ដែ អុលឡោះ​នៅ​ជា​មួយ​គាត់ អុលឡោះ​បាន​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ចិត្ត​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​រាជ​វាំង​ទាំង​មូល​ផង។
11ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ 12ពេល​យ៉ាកកូប​ឮ​ដំណឹង​ថា នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ​គាត់​ក៏​ចាត់​ពួក​បុព្វ‌បុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ 13នៅ​លើក​ទី​ពីរ យូសុះ​បាន​ប្រាប់​ឲ្យ​បង​ប្អូន​របស់​គាត់​ស្គាល់​គាត់ ហើយ​ស្តេច​ហ្វៀរ៉‌អ៊ូន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​យូសុះ​ដែរ។ 14បន្ទាប់​មក យូសុះ​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​យ៉ាកកូប ជា​ឪពុក និង​ញាតិ​សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។ 15យ៉ាកកូប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ស្លាប់​ទៅ ពួក​បុព្វ‌បុរស​ក៏​បាន​ស្លាប់​នៅ​ស្រុក​នោះ​ដែរ។ 16គេ​បាន​ដឹក​សព​យ៉ាកកូប និង​សព​ពួក​បុព្វ‌បុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ី‌គែម ក្នុង​ផ្នូរ​ដែល​អ៊ី‌ព្រហ៊ីម​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ី‌គែម​នោះ។
17លុះ​ជិត​ដល់​ពេល​អុលឡោះ ត្រូវ​បំពេញ​តាម​បន្ទូល​ដែល​ទ្រង់​សន្យា​ជា​មួយ​អ៊ី‌ព្រហ៊ីម ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។ 18បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ស្តេច​មិន​ស្គាល់​យូសុះ​ទេ។ 19ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ស្តេច​បាន​ធ្វើ​បាប​បុព្វ‌បុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ​បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។ 20ម៉ូសា​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​គាត់​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ចិត្ត​អុលឡោះ។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​គាត់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ 21កាល​គេ​បំបរ​បង់​ម៉ូសា​ចោល បុត្រី​របស់​ស្ដេច​ហ្វៀរ៉អ៊ូន​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ធ្វើ​ជា​កូន។ 22ម៉ូសា​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប គាត់​មាន​សំនួន​វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។
23លុះ​ដល់​ម៉ូសា​មាន​អាយុ​គំរប់​សែ‌សិប​ឆ្នាំ គាត់​ក៏​បាន​សម្រេច​ចិត្ដ​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​បង​ប្អូន​រួម​ជាតិ​របស់​គាត់។ 24គាត់​បាន​ឃើញ​ជន​រួម​ជាតិ​របស់​គាត់​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប គាត់​ក៏​ចេញ​មុខ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។ 25ម៉ូសា​នឹក​ស្មាន​ថា បង​ប្អូន​រួម​ជាតិ​របស់​គាត់​មុខ​ជា​យល់​ថា អុលឡោះ​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​គាត់ ប៉ុន្ដែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ 26នៅ​ថ្ងៃ​បន្ទាប់​ម៉ូសា​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​ខ្លះ​កំពុង​វាយ​គ្នា គាត់​ក៏​មាន​ប្រសាសន៍​សំរុះ​សំរួល​គេ​ថាៈ “អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។ 27ម្នាក់​ដែល​ធ្វើ​បាប​បង​ប្អូន បាន​ច្រាន​ម៉ូសា​ចេញ​ទាំង​ពោល​ថាៈ “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​ពី​លើ​យើង? 28តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល​មិញ​នោះ​ដែរ​ឬ?”29កាល​ម៉ូសា​ឮ​ពាក្យ​នេះ គាត់​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ ម៉ូសា​បាន​កូន​ប្រុស​ពីរ​នាក់។
30សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​ម៉ូសា​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។ 31ម៉ូសា​ងឿង‌ឆ្ងល់ ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​ឃើញ​នោះ​ណាស់។ ពេល​គាត់​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល គាត់​បាន​ឮ​សំឡេង​របស់​អុលឡោះ‌ជាអម្ចាស់​ថាៈ 32“យើង​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។ ម៉ូសា​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ 33អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​គាត់​ថាៈ “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ។ 34យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”
35ជន‌ជាតិ​អ៊ីស្រ‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​ម៉ូសា​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្ដែ អុលឡោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​ក្នុង​គុម្ពោត។ 36គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។ 37ម៉ូសា​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថាៈ “អុលឡោះ​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា”38កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​ម៉ូសា​នេះ​ហើយ ដែល​នៅ​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​ផង នៅ​ជា​មួយ​បុព្វ‌បុរស​ផង។ ម៉ាឡា‌អ៊ីកាត់​បាន​ថ្លែង​បន្ទូល​នៃ​អុលឡោះ​មក​គាត់ នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​គាត់​បាន​ទទួល​បន្ទូល​ទ្រង់​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ 39បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​គាត់​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​គាត់ ហើយ​មាន​ចិត្ដ​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ 40ដោយ​ពោល​ទៅ​កាន់​ហារូន​ថាៈ “សូម​អ្នក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​ម៉ូសា ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​គាត់​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!”41នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​គូរបាន​មក​ឲ្យ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា​ដៃ​របស់​ខ្លួន។ 42ពេល​នោះ អុលឡោះ​ឈប់​រវី‌រវល់​នឹង​គេ ទ្រង់​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី​ថាៈ
“ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​អើយ!
ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន
តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ
ឬ​គូរបាន​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?។
43 អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ‌ម៉ូឡុក
និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេផាន់
របស់​អ្នក​រាល់​គ្នា។
រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់
ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។
ដូច្នេះ​យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ
ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត”
44នៅ​វាល​រហោ‌ស្ថាន បុព្វ‌បុរស​របស់​យើង​មាន​ជំរំ‌សក្ការៈ​របស់​អុលឡោះ សង់​ឡើង ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​ម៉ូសា គឺ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ។ 45បុព្វ‌បុរស​របស់​យើង​បាន​ទទួល​ជំរំ‌សក្ការៈ​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ជំរំ‌សក្ការៈ​នេះ​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ទត។ 46អុលឡោះ​គាប់​ចិត្ត​នឹង​ទត ទត​ក៏​បាន​សូម​អនុញ្ញាត​ពី​អុលឡោះ​រក​ដំណាក់​មួយ​ជូន​ម្ចាស់​របស់​យ៉ាកកូប 47តែ​ណាពី​ស៊ូឡៃម៉ាន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ដំណាក់​នោះ។ 48អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ណាពី​បាន​ថ្លែង​ទុក​មក​ស្រាប់​ថាៈ
49 “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង
ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។
អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថាៈ
“តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា
ឲ្យ​យើង​បាន?
តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?
50 គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត
អ្វីៗ​ទាំង​នោះ​មក!”
51អស់​លោក​ចិត្ដ​រឹង​រូស​អើយ! អស់​លោក​មាន​ចិត្ដ​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ! 52គ្មាន​ណាពី​ណា​ម្នាក់ ដែល​បុព្វ‌បុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វ‌បុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា អ្នក​ដ៏​សុចរិត​នឹង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​គាត់​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​សម្លាប់​គាត់​ថែម​ទៀត​ផង។ 53អស់​លោក​បាន​ទទួល​ហ៊ូកុំ តាម​រយៈ​ម៉ាឡា‌អ៊ីកាត់​តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ដ​តាម​សោះ!»។
បណ្ដា‌ជន​សម្លាប់​លោក​ស្ទេផាន
54កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ខឹង​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ 55រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​ឃើញ​អ៊ីសា​ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ។ 56លោក​និយាយ​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រា​មនុស្ស ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ»។ 57ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​គាត់។ 58គេ​បណ្ដេញ​គាត់​ចេញ​ពី​ទី‌ក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ ពួក​អ្នក​ដែល​ជា​សាក្សី បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ 59នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូរអា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ខ្ញុំ​ផង!»។ 60បន្ទាប់​មក​លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​សុំ​ដូច្នោះ​ហើយ គាត់​ក៏​ផុត​ដង្ហើម​ទៅ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 7: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល