កិច្ចការ 8

8
1លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។
លោក​សូល​បៀត‌បៀន​ពួក​សិស្ស
នៅ​ថ្ងៃ​នោះ ក្រុម‌ជំអះ​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើក‌លែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែក​ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។ 2អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។
3រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុម‌ជំអះ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។
លោក​ភីលីព​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​សាម៉ារី
4ពួក​សិស្ស​ដែល​បែក​ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​អុលឡោះ។ 5លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​អាល់ម៉ា‌ហ្សៀស។ 6មហា‌ជន​រួម​ចិត្ដ​គំនិត​គ្នា​ពេញ​ចិត្ដ​នឹង​ពាក្យ​សំដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​និយាយ និង​បាន​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ 7គឺ​មាន​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ 8ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។
9មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ​តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្ដ‌អាគម ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​នាក់។ 10ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ដ​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​អំណាច​របស់​អុលឡោះ​ដែល​ជា​អំណាច​ដ៏​ឧត្ដុង្គ‌ឧត្ដម»។ 11ប្រជា‌ជន​ពេញ​ចិត្ដ​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សំដែង​មន្ដ‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ 12កាល​គេ​ជឿ​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ និង​អំពី​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស ទាំង​ស្រី។ 13លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៀត​ផង ហើយ​គាត់​នៅ​ជាប់​នឹង​លោក​ភីលីព​ជា‌និច្ច។ កាល​គាត់​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​ក៏​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង។
14ក្រុម​សាវ័ក​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​បន្ទូល​របស់​អុលឡោះ ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។ 15លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក​ទាំង​ពីរ​ក៏​ទូរអា​អុលឡោះ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ 16ដ្បិត​រស‌អុលឡោះ​ពុំ​ទាន់​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ។ 17ពេល​នោះ ពេត្រុស និង​យ៉ូហាន​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ។ 18កាល​លោក​ស៊ីម៉ូន​ឃើញ​ថា អុលឡោះ​ប្រទាន​រស‌ទ្រង់​មក​អ្នក​ជឿ ដោយ​សាវ័ក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវ័ក​ទាំង​ពីរ ហើយ​ពោល​ថា៖ 19«សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ»។ 20ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្ដរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​អុលឡោះ​បាន! 21អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​អុលឡោះ​ទាល់​តែ​សោះ។ 22ចូរ​លះ‌បង់​ចិត្ដ​គំនិត​អាក្រក់​ចោល​ទៅ ហើយ​អង្វរ​អុលឡោះ‌ជាអម្ចាស់ ក្រែង​លោ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ដ​បែប​នេះ 23ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ដ​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ 24លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​អង្វរ​អុលឡោះ‌ជាអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។
25ក្រោយ​ពី​បាន​ផ្ដល់​សក្ខី‌ភាព និង​ប្រកាស​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​នាក់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។
លោក​ភីលីព​នាំ​ដំណឹង‌ល្អ​ទៅ​ជម្រាប​មន្ដ្រី​ជាតិ​អេត្យូ‌ពី
26ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។ 27នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​នាក់ ជា​មនុស្ស​កម្រៀវ លោក​ជា​មន្ដ្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម 28ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គីតាប​ណាពី​អេសាយ​ផង។
29រស‌អុលឡោះ​មាន​បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។ 30លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ដ្រី​អេត្យូ‌ពី​អាន​គីតាប​ណាពី​អេសាយ លោក​ភីលីព​សួរ​មន្ដ្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។ 31លោក​មន្ដ្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។ 32រីឯ​អាយិត​គីតាប​ដែល​គាត់​កំពុង​អាន​នោះ​គឺ៖
“គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម
ដែល​គេ​នាំ​ទៅ​សម្លាប់
គាត់​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ
គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់
នៅ​មុខ​អ្នក​កាត់​រោម។
33 គាត់​ត្រូវ​គេ​បន្ទាប​បន្ថោក
ហើយ​គេ​មិន​រក​យុត្ដិធម៌​ជូន​គាត់​ឡើយ។
គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស
របស់​គាត់​បាន​ទេ
ព្រោះ​គេ​បាន​ដក​ជីវិត​របស់​គាត់​ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ”
34មន្ដ្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ណាពី​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​គាត់​មាន​ប្រសាសន៍​អំពី​ខ្លួន​គាត់​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ 35លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​អ៊ីសា​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អាយិត​គីតាប​នោះ​ទៅ។ 36អ្នក​ទាំង​ពីរ​ចេះ​តែ​បន្ដ​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ដ្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក​តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។ 37លោក​ភីលីព​មាន​និយាយ​ទៅ​លោក​មន្ដ្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ដ្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា​អ៊ីសាអាល់ម៉ា‌ហ្សៀស​ជា​បុត្រា​របស់​អុលឡោះ»។ 38លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ដ្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ដ្រី​នោះ។ 39កាល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ រស​នៃ​អុលឡោះ‌ជាអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ដ្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ដ្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ដ​ត្រេក​អរ​សប្បាយ។ 40រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។
បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ រហូត​ទៅ​ដល់​ក្រុង​សេសា‌រា។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល