កំណើត​ពិភព​លោក 12

12
ប្រវត្តិ​របស់​ណាពី​អ៊ីព្រហ៊ីម
អុលឡោះ​ត្រាស់​ហៅ​អ៊ីប្រាំ
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ៊ីប្រាំ​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ​សន្តាន​របស់​អ្នក និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក។
2យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។
3យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក
យើង​ក៏​នឹង​ដាក់​បណ្តាសា​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ដាក់​បណ្តាសា​អ្នក​ដែរ
ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ​សារ​អ្នក។
4អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។ 5នៅ​ពេល​អ៊ីប្រាំ ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ គាត់​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ គាត់​បាន​នាំ​សារ៉ាយ​ជា​ភរិយា និង​ឡូត​ជា​ក្មួយ​ទៅ​ជា​មួយ។ គាត់​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​គាត់​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​គាត់​ទិញ​បាន​នៅ​ស្រុក​ហារ៉ាន ទៅ​ជា​មួយ​ដែរ។ ពួក​គាត់​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។
អ៊ីប្រាំ​នៅ​ស្រុក​កាណាន
លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ 6អ៊ីប្រាំ​ដើរ​កាត់​ស្រុក​កាណាន រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។ 7អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។
8បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេតអែល គាត់​បោះ​ជំរំ​នៅ​ចន្លោះ​បេតអែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ហើយ​គោរព​បម្រើ​នាមអុលឡោះ‌តាអាឡា9គាត់​បន្ត​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។
អ៊ីប្រាំ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប
10ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ អ៊ីប្រាំ​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ 11ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប គាត់​មាន​ប្រសាសន៍​ទៅ​កាន់​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា អូន​មាន​រូប​ស្អាត​ណាស់។ 12ហេតុ​នេះ ពេល​ជន‌ជាតិ​អេស៊ីប​ឃើញ​អូន គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​ឲ្យ​នៅ​រស់។ 13ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ​សារ​តែ​អូន​ដែរ»។ 14កាល​អ៊ីប្រាំ​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន‌ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​គាត់​មាន​រូប​ស្អាត​ណាស់។ 15ពួក​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន។ គេ​ក៏​នាំ​សារ៉ាយ ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន។ 16រីឯ​អ៊ីប្រាំ​វិញ គេ​រាប់​រក​គាត់​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​គាត់។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​អ៊ីប្រាំ។ 17ប៉ុន្តែ អុលឡោះ‌តាអាឡាបាន​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពូជ‌ពង្ស ជួប​នឹង​គ្រោះ​កាច​ដ៏​សែន​វេទនា ព្រោះ​តែ​សារ៉ាយ ជា​ភរិយា​របស់​អ៊ីប្រាំ។
18ពេល​នោះ ហ្វៀរ៉អ៊ូន​កោះ​ហៅ​អ៊ីប្រាំ​មក​ហើយ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្តេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា នាង​ជា​ភរិយា​របស់​អ្នក? 19ហេតុ​អ្វី​បាន​ជា​អ្នក​ថា នាង​ជា​ប្អូន​ទៅ​វិញ បណ្តាល​ឲ្យ​យើង​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ 20ហ្វៀរ៉អ៊ូន​បញ្ជា​អ្នក​បម្រើ​ឲ្យ​បើក​ផ្លូវ​ដល់​អ៊ីប្រាំ ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​គាត់ ទាំង​យក​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់​ទៅ​ជា​មួយ​ផង។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 12: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល