កំណើតពិភពលោក 24
24
អាពាហ៍ពិពាហ៍របស់ណាពីអ៊ីសាហាក់
1អ៊ីព្រហ៊ីមមានវ័យកាន់តែចាស់ណាស់ទៅហើយ អុលឡោះតាអាឡាក៏បានប្រទានពរគាត់សព្វគ្រប់ទាំងអស់។
2អ៊ីព្រហ៊ីមមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់គាត់ ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់គាត់ថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ 3ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ 4គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្តឹងកូនស្រីក្នុងចំណោមញាតិសន្តានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាហាក់ ជាកូនរបស់ខ្ញុំវិញ»។ 5អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំនាំកូនប្រុសរបស់ចៅហ្វាយ ទៅស្រុកដែលចៅហ្វាយបានចាកចេញមកនោះឬ?»។ 6អ៊ីព្រហ៊ីមមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! 7អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា ដែលបានយកខ្ញុំចេញពីញាតិសន្តាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ អុលឡោះមុខជាចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យនាំអ្នក ដើម្បីឲ្យអ្នកដណ្តឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។ 8ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។ 9អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅអ៊ីព្រហ៊ីម ជាចៅហ្វាយរបស់គាត់ ទាំងស្បថជូនគាត់អំពីរឿងនេះ។
10អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋចៅហ្វាយរបស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ ទៅជាមួយផង។ 11លុះមកដល់ជិតអណ្តូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ 12គាត់ក៏ទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយរបស់ខ្ញុំ សូមទ្រង់មេត្តាជួយឲ្យខ្ញុំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងចិត្តសន្តោសមេត្តាដល់អ៊ីព្រហ៊ីមជាចៅហ្វាយខ្ញុំផង! 13ខ្ញុំឈរនៅជិតអណ្តូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ 14បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលអុលឡោះបំរុងទុកធ្វើជាភរិយារបស់អ៊ីសាហាក់ ជាចៅហ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងច្បាស់ថា អុលឡោះពិតជាសំដែងចិត្តសន្តោសមេត្តា ចំពោះចៅហ្វាយរបស់ខ្ញុំមែន!»។
15គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។ 16នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ 17អ្នកបម្រើរបស់អ៊ីព្រហ៊ីមរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាឲ្យទឹកពីក្អមនាង មកខ្ញុំទទួលទានបន្តិច»។ 18នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ 19ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។ 20នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្តូងមកទៀត គឺនាងបានដងទឹក ឲ្យអូដ្ឋទាំងអស់ផឹក។ 21បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្ត ចង់ដឹងថា តើអុលឡោះតាអាឡាប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។
22កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបម្រើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកឲ្យនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់ឲ្យនាងដែរ។ 23គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់អ្នកណា? សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។ 24នាងឆ្លើយថា៖ «ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។ 25នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។ 26បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំអុលឡោះតាអាឡា 27ទាំងពោលថា៖ «សូមអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយខ្ញុំ ដែលតែងតែសំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំជានិច្ច! អុលឡោះតាអាឡានាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនត្រូវជាញាតិនឹងចៅហ្វាយខ្ញុំ»។ 28នាងក្រមុំរត់នាំដំណឹងនេះ ទៅប្រាប់ម្តាយ។ 29រ៉ហ្វ៊ីកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅជិតអណ្តូងទឹក 30ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮរ៉ហ្វ៊ីកា ជាប្អូនរៀបរាប់នូវសេចក្តីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្តូងទឹក។ 31គាត់ពោលថា៖ «អ្នកដែលអុលឡោះតាអាឡាប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនអ្នក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។ 32បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅឲ្យវាស៊ី ហើយយកទឹកមកលាងជើងឲ្យបុរសនោះ ព្រមទាំងឲ្យអស់អ្នកដែលមកជាមួយដែរ។ 33បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូន នូវសេចក្តីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញនិយាយមក!»។
34បុរសនោះក៏ពោលឡើងថា៖ ខ្ញុំជាអ្នកបម្រើរបស់អ៊ីព្រហ៊ីម។ 35អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ 36ក្នុងគ្រាដែលចៅហ្វាយរបស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ សារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនគាត់ គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីគាត់។ 37ចៅហ្វាយរបស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្តឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះមកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។ 38ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្តានខ្ញុំ ហើយដណ្តឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ 39ខ្ញុំបានជម្រាបចៅហ្វាយរបស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំទេមើលទៅ”។ 40គាត់តបមកខ្ញុំវិញថា “អុលឡោះតាអាឡាដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នក បានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្តឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្តាន និងក្រុមគ្រួសារខ្ញុំមកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ 41ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ 42ថ្ងៃនេះខ្ញុំបានមកដល់អណ្តូងទឹក ហើយទូរអាថា “អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ដែលជាចៅហ្វាយរបស់ខ្ញុំ ប្រសិនបើទ្រង់ពេញចិត្តឲ្យដំណើររបស់ខ្ញុំបានសម្រេច ដូចប្រាថ្នាមែន 43ខ្ញុំនៅជិតអណ្តូងទឹកនេះស្រាប់ហើយ បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” 44ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលអុលឡោះតាអាឡាបានបំរុងទុក ជាភរិយារបស់កូនប្រុសចៅហ្វាយខ្ញុំ”។ 45ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ 46នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្តៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹក ឲ្យអូដ្ឋអ្នកផឹកថែមទៀត”។ 47ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់អ្នកណា?” នាងឆ្លើយថា “ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃ ពាក់ឲ្យនាង។ 48បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំអុលឡោះតាអាឡា ហើយអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ជាចៅហ្វាយខ្ញុំ ដែលបានដឹកនាំខ្ញុំ ដោយចិត្តស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្តឹងក្មួយស្រីរបស់គាត់ យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់គាត់។ 49ឥឡូវនេះ ប្រសិនបើអស់លោកចង់សំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយរបស់ខ្ញុំ សូមនិយាយមក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។
50ឡាបាន់ និងបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីអុលឡោះតាអាឡាដូច្នេះ យើងខ្ញុំពុំអាចប្រាប់អ្នកថា យើងយល់ព្រម ឬជំទាស់បានឡើយ។ 51រ៉ហ្វ៊ីកានៅមុខអ្នកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសចៅហ្វាយអ្នក ដូចអុលឡោះតាអាឡាមានបន្ទូល»។
52កាលអ្នកបម្រើរបស់អ៊ីព្រហ៊ីមបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំអុលឡោះតាអាឡា 53រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូនរ៉ហ្វ៊ីកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្តាយរបស់នាងដែរ។ 54បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់លោក ដែលរួមដំណើរជាមួយគាត់ ហើយយប់នោះគេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើង ពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។ 55បងប្រុស និងម្តាយរបស់រ៉ហ្វ៊ីកាពោលថា៖ «សុំឲ្យរ៉ហ្វ៊ីកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ 56គាត់តបទៅវិញថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះសូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។ 57គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។ 58គេក៏ហៅរ៉ហ្វ៊ីកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយគាត់ឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។ 59គេក៏អនុញ្ញាតឲ្យរ៉ហ្វ៊ីកា ជាប្អូន និងមេដោះរបស់នាងចាកចេញទៅជាមួយអ្នកបម្រើរបស់អ៊ីព្រហ៊ីម និងអ្នកដែលមកជាមួយគាត់។ 60ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖
«ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស
រាប់លានរាប់កោដិនាក់
សូមឲ្យពូជពង្សនាងគ្រប់គ្រង
លើពួកខ្មាំងសត្រូវរបស់នាង»។
61រ៉ហ្វ៊ីកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំរ៉ហ្វ៊ីកាចេញទៅ។
62នៅគ្រានោះ អ៊ីសាហាក់បានចាកចេញពីអណ្តូងទឹកឡាហាយរយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ 63ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ 64រីឯរ៉ហ្វ៊ីកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាហាក់នាងលោតចុះពីខ្នងអូដ្ឋ 65សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?» 66អ្នកបម្រើតបថា៖ «គឺគាត់ហើយដែលជាចៅហ្វាយរបស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ជម្រាបអ៊ីសាហាក់ នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។
67អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 24: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.